សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធា ២០០លានដុល្លារបន្ថែម ទៅឱ្យអ៊ុយក្រែន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣បានអោយដឹងថា មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយយោធាបន្ថែមទំហំ ២០០លានដុល្លារ សម្រាប់ទីក្រុងកៀវ ខណៈ ទាហានអ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនៅក្នុងការធ្វើប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។

បើតាមក្រុមមន្ត្រីអាមេរិកកញ្ចប់ជំនួយយោធាខាងលើក្នុងនោះរួមមានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងប្រព័ន្ធមីស៊ីល Patriot ព្រមទាំងគ្រាប់ កាំភ្លើងធំសម្រាប់កាំភ្លើងធំ howitzers គ្រាប់កំាភ្លើង ១២លានគ្រាប់ និងឧបករណ៍ដោះមីនជាដើម។

គួរបញ្ជាក់ថា​ មកទល់នឹងពេលនេះ អ៊ុយក្រែនទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិកជាង ៤៣ពាន់លានដុល្លារហើយ ចាប់តាំងពីរុស្ស៉ីលើកទ័ពចូលឈ្លាន ពានប្រឆាំងនឹងអ៊ុយក្រែនកាល ពីខែកុម្ភៈ ឆ្នាំ២០២២មក៕