រដ្ឋមន្ត្រីការបរទេសអាមេរិក គាំទ្រដំណោះស្រាយសន្តិវិធីនៅនីហ្សេ ក្រោយប្លុកអាហ្រ្វិកខាងលិច បញ្ជាឱ្យកងទ័ពត្រៀមលក្ខណៈ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែ សីហា ឆ្នាំ២០២៣ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអំពាវនាវឱ្យមានដំណោះស្រាយដោយ សន្តិ វិធីមួយ ដើម្បីដោះស្រាយបញ្ហារដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីប្លុកអាហ្រិ្វកខាងលិច ECOWAS ដាក់បញ្ជាឱ្យកងទ័ពប្រចាំការរបស់ខ្លួនត្រៀមលក្ខណៈសម្រាប់ លទ្ធភាពនៃការធ្វើអន្តរា គមន៍យោធា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋ អាមេរិកគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់ ECOWAS ក្នុងការស្វែងរកគ្រប់ជម្រើសទាំងអស់ សម្រាប់ ដំណោះស្រាយដោយសន្តិវិធី ក្នុងការដោះស្រាយវិបត្តិ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Blinken កើតមានឡើង បន្ទាប់ពីក្រុមមេដឹកនាំប្លុក អាហ្រ្វិកខាងលិច ECOWAS បាននិយាយថាជម្រើសទាំងអស់ក្នុងនោះ រួមមានទាំងការប្រើប្រាស់ កម្លាំងយោធា នៅតែស្ថិតនៅលើតុ ដើម្បីស្ដារសណ្ដាប់ធ្នាប់នៅក្នុងប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារ កាលពីថ្ងៃទី២៦ ខែកក្កដា ព្រមទាំងបានបញ្ជា ឱ្យកងកម្លាំងប្រចាំការរបស់ខ្លួនត្រៀមលក្ខណៈ ធ្វើសកម្មភាពផងដែរ៕