ព្យុះត្រូពិច Khanun បានបង្កឱ្យមានទឹកជំនន់ និងការជម្លៀសប្រជាជននៅកូរ៉េខាងត្បូង បន្ទាប់ពីវាបានបោកបក់លើប្រទេសជប៉ុន

(សេអ៊ូល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អាជ្ញាធរកូរ៉េខាងត្បូងបានជម្លៀសមនុស្សជាង ១៤,០០០នាក់ និង បិទសាលារៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់មកដល់ឧបទ្វីបនេះនៅថ្ងៃព្រហស្បតិ៍ (១០ សីហា) បន្ទាប់ពីបានវាយលុកភាគខាងត្បូង ប្រទេសជប៉ុនកាលពីសប្តាហ៍មុន។

បន្ទាប់ពីបានប្រែក្លាយពីខ្យល់ព្យុះទីហ្វុង ទៅជាព្យុះត្រូពិច ព្យុះ Khanun បានបោកបក់នៅឆ្នេរ សមុទ្រភាគអាគ្នេយ៍ ហើយបាននិងកំពុងបោកបក់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។

ព្យុះត្រូពិច Khanun ក៏អាចវាយប្រហាររដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រនេះដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា យោធាត្រូវបានបញ្ជាឱ្យរៀបចំវិធាន ការកាត់បន្ថយទឹកជំនន់ និងជួយសង្គ្រោះដំណាំ។

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយថា ជើងហោះហើរប្រហែល ៣៥០ជើង និងផ្លូវរថភ្លើងចំនួន ៤៥០ខ្សែត្រូវបានលុបចោល ហើយមនុស្សជាង ១៤,០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែង សុវត្ថិភាព។ ក្រសួងបាននិយាយទៀតថា មនុស្សម្នាក់បានបាត់ខ្លួននៅក្នុងទីក្រុង Daegu ភាគអា គ្នេយ៍ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទន្លេ ដោយបន្ថែមថាខ្លួនក៏កំពុងស៊ើបអង្កេតការស្លាប់របស់ មនុស្សម្នាក់ទៀតនៅក្នុងទីក្រុងដូចគ្នាដែរ។

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បាននិយាយថា ព្យុះនេះបាននាំមកនូវការធ្លាក់ភ្លៀងក្នុងកម្រិតដល់ ៦០មីលីម៉ែត្រក្នុងមួយម៉ោង នៅតាមតំបន់លើបណ្តោយឆ្នេរភាគខាងកើត ហើយជាមួយល្បឿនខ្យល់​បក់អតិបរមា ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងទីក្រុងកំពង់ផែភាគអាគ្នេយ៍នៃទីក្រុងប៊ូសាន៕