(បាងកក)៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានអោយដឹងថា តម្លៃអង្ករបានកើនឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំនៅក្នុងទ្វីបអាស៊ី ដោយសារការព្រួយបារម្ភកាន់តែខ្លាំង ឡើងអំពីការផ្គត់ផ្គង់សកល ខណៈអាកាសធាតុស្ងួតបានគំរាម កំហែងដល់ផលិតកម្មក្នុងប្រទេសថៃ និងបន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញមួយចំនួន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់សមាគមអ្នកនាំចេញ អង្ករថៃដែលចេញផ្សាយដោយកាលពីថ្ងៃពុធថា តម្លៃអង្ករសថៃប្រភេទបាក់ ៥% ដែលជាតម្លៃអង្ករ ស្តង់ដារអាស៊ីបានកើនឡើងដល់ ៦៤៨ដុល្លារក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតគិតចាប់តាំងពីខែ តុលា ឆ្នាំ២០០៨។ តម្លៃនេះនាំឱ្យកំណើនតម្លៃកើនជិតដល់ ៥០% នៅរយៈពេលមួយឆ្នាំកន្លងមក នេះ។ អង្ករមានសារៈសំខាន់ចំពោះរបបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅទ្វីបអាស៊ី និង អាហ្រ្វិក ហើយការកើនឡើងតម្លៃអាចបន្ថែមសម្ពាធអតិផរណា និងជំរុញការចំណាយលើករនាំ ចូលសម្រាប់ប្រទេសអ្នកទិញ។
ការគំរាមកំហែងចុងក្រោយចំពោះការផ្គត់ផ្គង់កើតមានចេញពីប្រទេសថៃ ដែលជាប្រទេសនាំចេញ អង្ករធំទីពីរក្នុងពិភពលោក។ អាជ្ញាធរថៃកំពុងលើកទឹកចិត្តកសិករឱ្យប្តូរទៅដាំដំណាំផ្សេងដែលត្រូវការទឹកតិច ខណៈដែល ប្រទេសនេះទប់ទល់នឹងស្ថានភាពស្ងួតជាមួយនឹងការចាប់ផ្តើមបាតុភូមិអាកាសធាតុអ៊ែលនីណូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕
































