យ៉ាងហោចណាស់ ១៧នាក់បានស្លាប់ បន្ទាប់ពីទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានលិចនៅឈូងសមុទ្រ Bengal


 (រ៉ាឃីន)៖  យោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោច ណាស់ ១៧នាក់បានលង់ទឹកស្លាប់ នៅពេលដែលទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលភៀសខ្លួន ចេញពីរដ្ឋរ៉ាឃីនបានលិចនៅឈូងសមុទ្រ Bengal ក្នុងសប្តាហ៍នេះ។ លោក Byar La បុគ្គលិក សង្គ្រោះនៃមូលនិធិ Shwe Yaung Metta នៃរដ្ឋរ៉ាឃីន បាននិយាយថា មនុស្សជាង ៥០នាក់ត្រូវ បានគេជឿថា នៅលើទូកដែលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលបានជួបបញ្ហានៅក្នុង សមុទ្រដ៏លំបាកកាលពីយប់ថ្ងៃអាទិត្យ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងបានរកឃើញសាកសពចំនួន ១៧នាក់។ ហើយយើងក៏បានរកឃើញបុរសប្រាំបីនាក់ទៀតនៅរស់ ខណៈប៉ូលីស​កំពុងសួរនាំ​ពួកគេ​»។

លោក​បាន​បន្ថែម​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​ព្យាយាម​ស្វែង​រក​អ្នក​បាត់​ខ្លួន បើ​ទោះ​ជា​មិន​ដឹង​ចំនួន​ពិត​ប្រាកដ​នៅ​លើ​ទូកនោះ​ក៏​ដោយ។

គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ប្រថុយជីវិតជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមសមុទ្រ ដ៏គ្រោះថ្នាក់ពីជំរុំក្នុងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា ដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ រដ្ឋរ៉ាឃីន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ គឺជា ជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ៦០០,០០០នាក់ ដែលត្រូវបានចាត់ទុកថាជាជន ចំណាក ស្រុកមកពីបង់ក្លាដែស ហើយបានបដិសេធមិនផ្តល់ជូនសញ្ជាតិ និងសេរីភាពនៃការធ្វើដំណើរ៕