(ប៉េកាំង)៖ យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានប្រាប់អោយដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដែលនឹងបន្ធូរបន្ថយ ភាពតានតឹង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពល្អប្រសើរជាមួយប្រទេសចិន ខណៈពេលដែល មហាអំណាចទាំងពីរនេះ មានជម្លោះជាមួយគ្នាស្ទើរតែគ្រប់អ្វីៗទាំងអស់ រាប់ចាប់ពីពាណិជ្ជកម្មរហូត ដល់សិទ្ធិមនុស្ស ព្រមទាំងបញ្ហាកោះតៃវ៉ាន់ផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយ ក្រសួងពាណិជ្ជកម្មអាមេរិកថា៖ «លោកស្រីរដ្ឋមន្ត្រី Raimondo ទន្ទឹងរង់ចាំការពិភាក្សាក្នុងន័យស្ថាប នា អំពីបញ្ហាទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន បញ្ហាដែលប្រឈម ដោយធុរកិច្ចអាមេរិក និងវិស័យនានាសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពល»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា លោកស្រី Raimondo នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េ កាំង និងទីក្រុងសៀងហៃក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ខែសីហា។ ទីក្រុងប៉េកាំងក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះផងដែរ ដោយបន្ថែមថា លោកស្រី Raimondo ត្រូវបានអញ្ជើញដោយសមភាគីចិនគឺលោក Wang Wentao។
ដំណើរទស្សនកិច្ចរបស់លោកស្រី Raimondo នឹងធ្វើឡើងដោយផ្អែកលើការព្រមព្រៀងមួយរវាង ប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងលោកប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នៅកោះបាលី កាលពីឆ្នាំមុន «ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនលើ បញ្ហាជាច្រើន»។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយវិធានការទប់ស្កាត់ពាណិជ្ជកម្ម របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំង ប្រទេសចិន ស្ថិតក្នុងចំណោមបញ្ជីកំពូលនៃភាពមិនចុះសម្រុងគ្នា។
ទីភ្នាក់ងារព័ត៌មាន AFP បានអោយដឹងបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ការរឹតបន្តឹង ពាណិជ្ជ កម្មរបស់ខ្លួន មានសារៈសំខាន់ណាស់ក្នុងការ ការពារសន្តិសុខជាតិ ខណៈដែលទីក្រុង ប៉េកាំងមើល ឃើញថា វិធានការទប់ស្កាត់ទាំងនោះ គឺជា រារាំងការការកើនឡើងអំណាចសេដ្ឋ កិច្ចរបស់ខ្លួន។ ៕
































