រដ្ឋមន្ត្រី អ៊ាង សុផល្លែត ចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅឧទ្យានជាតិព្រះ សុរាម្រិតកុសុមៈគិរីរម្យ


(កំពង់ស្ពឺ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើដំណើរទស្សនកិច្ច ជួបសំ ណេះសំណាលជាមួយមន្រ្តីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺលើកទី១៖ ចុះពិនិត្យទីតាំងដាំកូនឈើ, ទី២៖ បន្តចូលដុតធូបនៅព្រះអង្គគោកធ្លក បន្ទាទី៣៖ ពិនិត្យមើលតំបន់អាណាធិបតេយ្យក្នុង ឧទ្យានជាតិគិរីរម្យ, ទី៤៖ បន្តមើលទីតាំងឧទ្យានបោះ តង់គិរីរម្យ និងទី៥៖ ចុះជួបពិនិត្យមើល សហគមន៍ចំបក់ និងសិប្បកម្មកែច្នៃឬស្សី។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ដែលអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីឧទ្យាជាតិ ក៏បានចុះទៅពិនិត្យទីតាំងដាំកូន ឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ។ ជាលទ្ធផលការចាក់ដី បំពេញកសិណខាងក្នុង និងខាងក្រៅ សម្រេចបានលទ្ធផលជិត ៩០% ហើយ ដោយឡែកចំពោះការដាំស្មៅ និងដើមឈើ នឹងសម្រេចឱ្យបានត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

គួររម្លឹកជូនថា ក្រសួងបរិស្ថានបានសម្រេចដាំដើមឈើប្រមាណជិត ២ម៉ឺនដើម នៃផែនការសរុប ប្រមាណ ៣ម៉ឺនដើម លើផ្ទៃដីជាង ២ហិកតា ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ៕