ក្រុមមន្ត្រីចិន ព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ នៅតាមខេត្តជាច្រើននៃប្រទេស


(ប៉េកាំង)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បញ្ជាក់ថា ក្រុមមន្ត្រី ឧតុនិយមចិន នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានព្រមានថាខេត្តជាច្រើន ជាពិសេសគឺខេត្ត ហ៊ូណាន់ (Hunan) អាចនឹងទទួលរងភ្លៀង ធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ភ្លាមៗ នៅរយៈពេល ២ថ្ងៃខាងមុខ នេះ ខណៈភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរលើប្រទេសចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មនុស្សច្រើនជាង ៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែង មានសុវត្ថិភាពក្នុងខេត្តហ៊ូណាន់ ភាគពាយព្យនៃប្រទេស កាលពី ចុងសប្ដាហ៍កន្លងទៅនេះ ស្រប ពេលភ្លៀងធ្លាក់ខ្លាំងកំពុងធ្លាក់លើតំបន់សាងស៊ី (Sangzhi) សាយមិន (Shimen) យ៉ុងសាន់ (Yongshun) និងទីក្រុង ចាងជៀជី (Zhangjiajie)។

តំបន់សាងស៊ី (Sangzhi) បានកត់ត្រាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងឆ្នាំ២០២៣នេះ ជាមួយកម្រិត ទឹកភ្លៀងអតិបរមា ២៥៦មីលីម៉ែត្រ កាលពីយប់ថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយ នេះគឺជាកម្រិតទឹកភ្លៀងច្រើនមិនធ្លាប់មាន ក្នុងតំបន់មួយនេះចាប់តាំងពីឆ្នាំ១៩៩៨មក៕