តុលាការជាន់ខ្ពស់ប៉ាគីស្ថាន សម្រេចព្យួរទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តី Imran Khan

(អ៉ីស្លាម៉ាបាដ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា តុលាការជាន់ខ្ពស់នៃប្រទេសប៉ាគីស្ថាន នាថ្ងៃអង្គារនេះ បានសម្រេចព្យួរ ទោសអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ដែលត្រូវជាប់ពន្ធនាគារ ក្នុងសំណុំរឿងអំពើពុករលួយ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេ រូបលោកនឹងត្រូវដោះលែងភ្លាមៗ ឬក៏យ៉ាងណា។

អ្នកនាំពាក្យគណបក្សនយោបាយរបស់លោក ខាន់ បាននិយាយថា តុលាការជាន់ខ្ពស់នៃទីក្រុង អ៉ីស្លាម៉ាបាដ បានលុបចោលការសម្រេចចិត្ត​របស់តុលាការជាន់ទាប ដែលនៅក្នុងខែសីហានេះ បានផ្តន្ទាទោសដាក់ពន្ធនាគារលោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន សម្រាប់រយៈពេល៣ឆ្នាំ។ ការសម្រេចនោះ ក៏រារាំងរូបលោកមិនឱ្យអាចចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតសកល នាពេល ខាងមុខផងដែរ។

ក្រុមមេធាវីរបស់លោក បាននិយាយថា លោក ខាន់ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ុន្តែទោះជា បែបនេះក្តី ពួកគេបារម្ភថា រូបលោក​អាចនឹងត្រូវអាជ្ញាធរចាប់ខ្លួនសាជាថ្មី ពាក់ព័ន្ធនឹងករណីមួយ ផ្សេងទៀត ក្នុងចំណោមសំណុំរឿងសរុបដល់ទៅជាង២០០ ដែលត្រូវបានដាក់​ប្រឆាំងមកលើរូប លោក គិតចាប់តាំងតែពីលោកត្រូវបាន​សភាបោះឆ្នោតទម្លាក់ចេញពីអំណាច កាលពីខែមេសា ឆ្នាំ២០២២។

មេធាវីម្នាក់របស់លោក ខាន់ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងបានដាក់សំណើដាច់ដោយ ឡែកមួយ ដែលទាមទារឱ្យតុលាការជាន់ខ្ពស់ ចេញដីកាមួយ ហាមឃាត់មិនឱ្យអាជ្ញាធរប៉ាគីស្ថាន អាចចាប់ខ្លួនលោក ខាន់ ក្នុងសំណុំរឿងផ្សេងទៀតឡើយ ហើយប្រសិនបើអាជ្ញាធរ​នៅចចេសចាប់ ខ្លួនលោក ពាក់ព័ន្ធសំណុំរឿងផ្សេងទៀតនោះ វានឹងជាទង្វើរំលោភសិទ្ធិស្របច្បាប់របស់លោកមិន ខាន»