(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រ ក្រុមហ៊ុន China Huaneng Group ដែលបានធ្វើសកម្មភាពវិនិយោគសាងសង់វារីអគ្គិសនីនៅ កម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះ ចូលរួមបណ្តុះបណ្តាលផ្នែកអគ្គិសនី ដើម្បី លើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋខ្មែរនៅក្នុងវិស័យនេះ។
ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែបង្អង់នោះឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួបជាមួយនឹង ក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។

នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ដដែលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន China Huaneng Group គឺជាក្រុមហ៊ុនផ្នែកថាមពលអគ្គិសនី ហើយក្រុមហ៊ុនបាន វិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជាផងដែរ។
ក្នុងជំនួបនោះ លោក វិន ស៊ូកាំង បានថ្លែងអំណរគុណសម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យរូប លោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក វិន ស៊ូកាំង ក៏បានសម្តែងការអបអរសាទរ ជូនសម្តេចអធិបតី ដែលត្រូវបានប្រជាពលរដ្ឋ និងរដ្ឋសភាបោះឆ្នោត គាំទ្រដឹកនាំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុន ក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេសការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ។
សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បី អភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការ តបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែល ផលិតពីអាគុយជាដើម។

សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី ពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើ គម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។
ជាការឆ្លើយតប លោក វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយក នូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធ ភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម សេដ្ឋកិច្ចរបស់ កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

































