(វ៉ាស៊ីនតោន)៖ តាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាន និយាយថាការសម្រេចចិត្តរបស់ហ្វីលីពីន ក្នុងការដករបាំងបណ្ដែតទឹករបស់ចិន ចេញពីតំបន់វិវាទ ថ្មប៉ប្រះទឹក Scarborough Shoal នៅសមុទ្រចិនខាងត្បូង គឺជាភាពអង់អាចក្លាហានដើម្បីការ ពារអធិបតេយ្យរបស់ខ្លួនឯង។

ហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានអះអាងពីការដករបាំងបណ្ដែតទឹករបស់ចិន ដោយជោគជ័យ ហើយចាត់ទុកថារបាំងបណ្ដែតទឹកមានប្រវែងជាង៣០០ម៉ែត្រ ដំឡើងដោយឆ្មាំ សមុទ្រចិននៅឯតំបន់មានវិវាទនេះ ជាទង្វើបំពានច្បាប់អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់ការធ្វើ នាវាចរ។ ប៉ុន្តែ ទីក្រុងប៉េកាំងក៏បានព្រមានដែរថាកុំឱ្យ ទីក្រុងម៉ានីលបង្កឱ្យមានបញ្ហា។
យ៉ាងណាក៏ដោយ ជាការបង្ហាញការគាំទ្រដល់ហ្វីលីពីន ឧបការីរងនៃក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោកស្រី Lindsey Ford បានកោត សរសើរយ៉ាងខ្លាំងដល់ហ្វីលីពីន អំឡុងការផ្ដល់សក្ខីកម្មមួយនៅឯសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយការបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកចំពោះសន្តិសុខនៃសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី៕
































