កូរ៉េខាងជើង ស្តីបន្ទោសសហរដ្ឋអាមេរិក ដែលបណ្តោយឱ្យមានអំពើភេរវកម្មប្រឆាំងស្ថានទូតគុយបា

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះថា បានអនុញ្ញាតឱ្យមានសកម្មភាពភេរវកម្មប្រឆាំង នឹងគុយបាកើតឡើងនៅលើទឹកដីអាមេរិក ដោយនិយាយថា ការវាយប្រហារនាពេលថ្មីៗនេះ លើស្ថានទូតគុយបាក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាលទ្ធផលនៃ «សកម្មភាពប្រឆាំងគុយបាដ៏គួរឱ្យស្អប់ខ្ពើម» ដោយចេតនារបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានធ្វេសប្រហែសក្នុងការធានាសុវត្ថិភាពនៃបេសកកម្មគុយបា ហើយគ្រាន់តែចង់ដាក់ប្រទេសដែលខ្លួនមិនចូលចិត្ត ដូចជាគុយបា ទៅក្នុងបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម។

ក្រៅពីប្រទេសគុយបា កូរ៉េខាងជើង ស៊ីរី និងអ៊ីរ៉ង់ ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម របស់ក្រសួងការបរទេសអាមេរិក​ផងដែរ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញាកន្លងទៅ អ្នក​វាយ​ប្រហារ​ម្នាក់បាន​វាយ​ប្រហារ​ស្ថានទូត​គុយបា ដោយ​គ្រាប់បែកចំនួន ២ គ្រាប់។ ប៉ុន្តែគ្មាន​នរណា​ម្នាក់​រង​របួស និង​មិន​មាន​ការ​ខូច​ខាត​អ្វី​ធំដុំ​នោះ​ទេ។

អ្នកនាំពាក្យកូរ៉េខាងជើងបានចាត់ទុកឧបទ្ទវហេតុនេះជា «ការវាយប្រហារភេរវកម្មធ្ងន់ធ្ងរ» ដោយបន្ថែមថា វាមានគំរូនៃឧប្បត្តិហេតុក្នុងឆ្នាំ ២០២០ នៅឯស្ថានទូតដូចគ្នា ដែលពេលនោះមានជនម្នាក់បានបាញ់កាំភ្លើងចូលទៅក្នុងអាគារ។