លោក ចូ បៃដិន ថាជំនួយសម្រាប់អ៊ុយក្រែន ត្រូវតែអនុម័ត ក្រោយការបិទរដ្ឋាភិបាលអាមេរិក ត្រូវបានបញ្ចៀស

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ប៉ុន្តែបានអំពាវនាវឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក អនុម័តភ្លាមៗលើកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចស្ថិតនៅក្រោមកាលៈទេសៈណាមួយដែលអនុញ្ញាតឱ្យការគាំទ្របស់ សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានរារាំងស្ទះនោះទេ»។ លោកបន្ថែមថា «ខ្ញុំរំពឹងយ៉ាងពេញទំហឹងថាប្រធានសភាតំណាងរាស្ត្រនឹងរក្សាពាក្យសន្យា របស់លោកចំពោះប្រជាជនអ៊ុយក្រែន និងធានាឱ្យបាននូវការអនុម័តការគាំទ្រចាំបាច់នានា ដើម្បីជួយអ៊ុយក្រែននៅក្នុងពេលវេលាដ៏សំខាន់នេះ»