(ភ្នំពេញ)៖ លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី បានជម្រាបជូនលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា តួគី បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយកម្ពុជា លើកិច្ចការបរិស្ថានក្នុងតំបន់ ក៏ដូចជានៅថ្នាក់អន្តរជាតិ។

តួគី គឺជាសមាជិកសហភាពអឺរ៉ុប ដែលបានបង្កើតកិច្ចព្រមព្រៀងបៃតង (GREEN DEAL) ដែល ផ្តោតជាសំខាន់លើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងការអភិរក្ស ជីវៈចម្រុះ។ ការឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី គឺធ្វើឡើងក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០២ ខែ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី បានបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសាធារណរដ្ឋតួគី គឺឈានឆ្ពោះទៅការលើកកម្ពស់ការអភិរក្សជីវចម្រុះ និងការស្តារប្រព័ន្ធអេកូ ឡូស៊ីសំខាន់ៗ ដើម្បីការអភិវឌ្ឍជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិផ្សារភ្ជាប់ផលិតផល មូលដ្ឋានជំរុញទេសចរណ៍។

ជាមួយគ្នានេះ លោកស្រីក៏មានចំណាប់អារម្មណ៍ផងដែរ លើការគ្រប់គ្រងសំណល់ប្លាស្ទិកពីព្រោះថា ភាគតូចល្អិតនៃសំណល់ប្លាស្ទិក (Micro plastic) ជាបញ្ហាស្រួចស្រាវដែលត្រូវយកចិត្តទុកដាក់ មុនគេ ជាពិសេសគ្រប់ការវេចខ្ចប់សុទ្ធតែប្រើប្លាស្ទិក។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបានដាក់ចេញនូវការងារអាទិភាព៣ សំខាន់ៗ ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស ១,៣លាននាក់។ លោករដ្ឋមន្ត្រីបានលើកឡើងពីការងារអាទិភាព២ផ្សេងទៀតដែលរួមមាន៖ ការដាំនឹងស្តារព្រៃឈើឡើងវិញដើម្បីអព្យាក្រឹតកាបូន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយជីវភាពប្រកបដោយចីរភាព៕
































