(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៣នេះ បានលើកឡើងថា
នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងជំនួបជាមួយវិស័យឯកជន រាជរដ្ឋាភិបាល
នឹងបង្ហាញកិច្ចអន្តរាគមន៍នានា ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដឹក នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណង ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរ ផ្សេងៗពីវិស័យឯកជន។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្ដេច បន្តចុះជួបកម្មករ ជិត២ម៉ឺននាក់ទៀត ដែលជាជំនួបលើកទី៥ ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។ ជំនួបនេះ បានធ្វើ ឡើង នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅខែវិច្ឆិកា នៅពេលដែលជួបវិស័យឯកជន បងប្អូនអាចនឹងដឹងហើយថា រដ្ឋាភិបាលផ្ដល់ការអនុគ្រោះអ្វីខ្លះ នៅក្នុងការលំបាកនេះ ឲ្យវិស័យ ឯកជន ដើម្បីឲ្យវិស័យឯកជន មានលទ្ធភាពរស់ ដើម្បីបង្កើតការងារ ឲ្យបងប្អូនខ្មែរទូទាំងប្រទេស»។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការ ចូលរួម ពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។
វេទិកានេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាល ពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវ បានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

សូមរំលឹកថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មី អាណត្តិទី៧ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្ដេចនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩ នៅខែវិច្ឆិកា ដើម្បីបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រមទាំងភាគីពាក់ ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ៕
































