(កៀវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះបានស្នើ ឲ្យមានការវាយតម្លៃឡើងវិញ ចំពោះប្រព័ន្ធអាវុធប្រឆាំងយន្តហោះរបស់លោកខាងលិច ផ្គត់ផ្គង់មក ឲ្យទីក្រុងកៀវ ដោយលើកឡើងថាអាវុធធម្មតាៗ និងតម្លៃថោកមួយចំនួនអាចជួយសន្សំសំច្ចៃថវិកា ក្នុងការទប់ទល់នឹងយន្តហោះដ្រូនសាហ៉ីត (Shahed) របស់រុស្ស៉ី ដែលផលិតដោយអ៉ីរ៉ង់។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដូយ៉ាក់ (Mykhailo Podolyak) បាននិយាយថា បញ្ហាគឺនៅត្រង់ថាគឺមិនគ្រាន់តែផ្តល់នូវប្រព័ន្ធអាវុធប្រឆាំង យន្តហោះបន្ថែមនោះទេ ប៉ុន្តែជាការគិត គូរពីតម្រូវការជាក់ស្តែងសេដ្ឋកិច្ចនៃសង្រ្គាម។
ប្រព័ន្ធការពារដែនអាកាសរបស់លោកខាងលិចដូចជា NASAMS និង Iris-T ត្រូវបានគេប្រើប្រាស់ ដើម្បីបាញ់ទម្លាក់មីស៉ីល ហើយលោក ប៉ូដូយ៉ាក់ និយាយថា ការប្រើ ប្រព័ន្ធអាវុធប្រភេទនេះមក ស្ទាក់ចាប់ដ្រូន Shaheds ប្រហែលជាមិនមានផលចំណេញនោះទេ ដ្បិតត្រូវចំណាយច្រើន។ ដូច្នេះវាខ្ជះខ្ជាយអាវុធរបស់សម្ព័ន្ធមិត្ត និងធ្វើ ឲ្យចុះខ្សោយការគាំទ្ររយៈពេលវែង។ លោក ប៉ូដូយ៉ាក់ បានបញ្ជាក់ថា «បន្ថែមពីលើកាំភ្លើងយន្តខ្នាតធំ ប្រព័ន្ធប្រឆាំងយន្តហោះធម្មតា និងតម្លៃថោក ក្នុងនោះ គួរតែ មានកាំភ្លើងប្រឆាំងយន្តហោះ Gepard របស់អាល្លឺម៉ង់ និងប្រព័ន្ធប្រឆាំងយន្តហោះដ្រូន Vampire ផលិតនៅសហរដ្ឋអាមេរិក»៕































