(បាងកក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ គឺ អាជ្ញាធរនៅក្នុងប្រទេសថៃ នៅថ្ងៃពុធសប្ដាហ៍នេះបានចោទប្រកាន់ខ្មាន់ កាំភ្លើងមានអាយុ១៤ឆ្នាំម្នាក់ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់ កាំភ្លើងខុសច្បាប់ បន្ទាប់ពី រូបគេបានបើកការបាញ់ប្រហារនៅឯផ្សារទំនើបដ៏ល្បីមួយ ក្នុងទីក្រុងបាងកក ដោយប្រើកាំភ្លើងកែច្នៃ មួយដើម។ ខ្មាន់កាំភ្លើងវ័យក្មេងខាងលើ ដែលត្រូវបានប៉ូលិសថៃបញ្ជាក់ថាមានជំងឺផ្លូវចិត្ត បានបើក ការបាញ់ប្រហារនៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបណ្ដាលឱ្យជនបរទេស២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែ តុលាការមួយ បានបដិសេធការស្នើសុំរបស់ ប៉ូលិសដែលចង់ឃុំខ្លួនជនសង្ស័យនៅឯមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត និងបង្គាប់ឱ្យឃុំខ្លួននៅឯមន្ទីរឃុំឃាំងអនីតិជន។ ជនសង្ស័យរូបនេះត្រូវប្រឈមមុខនឹង បទចោទ ប្រកាន់ចំនួន ៥បទចោទ ក្នុងនោះរួមមានការកាន់កាប់អាវុធខុសច្បាប់ យកអាវុធទៅកន្លែងសាធា រណៈដោយខុសច្បាប់ និងបាញ់កាំភ្លើងដោយខុស ច្បាប់នៅតាមទីសាធារណៈ។

សូមបញ្ជាក់ថា ភាពវឹកវរបានកើតឡើងនៅផ្សារទំនើប Siam Paragon ដែលជាផ្សារទំនើបប្រណិត បំផុតរបស់ទីក្រុងបាងកក ដោយមនុស្សរាប់រយនាក់ បាននាំគ្នារត់ភៀសខ្លួនចេញពីទីនោះ ស្រប ពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង ក្នុងហេតុការណ៍កក្រើកថ្មីមួយទៀត នៃករណីអំពើហិង្សាដោយ កាំភ្លើង ដែលបានកើតមាននៅប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលប្រមាណជា ៣ឆ្នាំចុងក្រោយ ។ ស្រ្តី២នាក់ ដែលជនបរទេសមកពីចិននិងមីយ៉ាន់ម៉ា បានបាត់បង់ជីវិត ខណៈមនុស្ស៥នាក់ទៀត បានរងរបួស ក្នុងនោះ២នាក់ជាជនបរទេស និង៣នាក់ជាជនជាតិថៃ។ រីឯខ្មាន់កាំភ្លើងដែលជាក្មេងប្រុសវ័យជំទង់អាយុ១៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងផ្សារទំនើប កើតហេតុផ្ទាល់។ ប៉ូលិសបាននិយាយថា ក្មេងប្រុសរូបនោះ បានស្ថិតក្រោមការព្យាបាលជំងឺ សតិអារម្មណ៍ ប៉ុន្តែនៅថ្ងៃកើតហេតុ រូបគេមិនបានលេបថ្នាំ តាមវេជ្ជបញ្ជាទេ៕































