លោក Joko Widodo ៖ ឥណ្ឌូណេស៉ី ត្រូវតែប្រុងប្រយ័ត្នលើការចំណាយ ផ្នែកយោធា

(ហ្សាការតា)៖  យោងតាមការចេញផ្សាយដោយ គេហទំព័រសារព័ត៌មាន The Star នៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតី ចូកូវី ដូដូ (Joko Widodo) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើទំនើបកម្មអាវុធរបស់យោធា ប៉ុន្តែបាន ព្រមានថាការចំណាយណាមួយ ត្រូវតែធ្វើឡើងប្រកបដោយភាពឈ្លាសវៃ ព្រោះថវិការដ្ឋមានកម្រិត ។ អំឡុងព្យុហយាត្រាកងកម្លាំងប្រដាប់អាវុធ លោក ចូកូវី បានថ្លែងថា «ការចំណាយសម្រាប់បរិក្ខារ យោធាត្រូវតែធ្វើឡើងដោយឈ្លាសវៃ ទាក់ទងនឹងចំនួន ឬការបែងចែក»។ កាលពីខែកក្កដា កន្លងទៅ លោក ចូកូវី ក៏ធ្លាប់បានព្រមានគណៈរដ្ឋមន្ត្រីរបស់លោកឲ្យរក្សាស្ថិរភាពថវិកា ព្រមជាមួយនិងការ គូសបញ្ជាក់ ពីការចំណាយលើស ដោយទីភ្នាក់ងារសន្តិសុខ រួមទាំងក្រសួងការពារជាតិផងដែរ។

សូមបញ្ជាក់ថា ប្រទេសប្រជុំកោះដែលមានប្រជាជនចំនួន ២៧០លាននាក់ និងជាប្រទេសមាន សេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៉ីអាគ្នេយ៍មួយនេះ កំពុងស្វែងរកការធ្វើទំនើបកម្មយោធារបស់ខ្លួន ប៉ុន្តែបានដើរថយក្រោយបើធៀបនឹងដៃគូក្នុងតំបន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលទំនងជានឹង ស្វែងរកឋានៈជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤ បានដឹកនាំការបញ្ជាទិញសព្វាវុធ ក្នុងនោះរួម មានយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿងតម្លៃ ៨.១ពាន់លានដុល្លារ យន្តហោះដ្រូនចំនួន ១២គ្រឿង តម្លៃ ៣០០លានដុល្លារ និងយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២គ្រឿង តម្លៃ ៨០០លានដុល្លារ៕