អ៉ីស្រាអែល បើកការវាយបក ក្រោយគ្រាប់រ៉ុក្កែតបាញ់ចេញពីស៊ីរី ចូលក្នុងទឹកដីរបស់ខ្លួន

(ហ្ស៊េរុយសាឡិម)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣​ បញ្ជាក់ថា កងទ័ពអ៉ីស្រាអែល បានបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់តម្រង់ទៅ កាន់ប្រទេសស៊ីរី នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចេញពី ភាគខាងជើងនៃប្រទេសស៊ីរី ចូលក្នុងទឹកដីអ៉ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីនមួយបានបាញ់គ្រាប់រ៉ុក្កែត ៣គ្រាប់ ឆ្ពោះទៅកាន់ប្រទេសអ៉ីស្រាអែល។ ស្ថានការណ៍វិវត្តន៍នេះកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថាសង្រ្គាមរវាងអ៉ីស្រាអែល និង ហាម៉ាស អាចនឹងផ្ទុះទៅជា សង្រ្គាមទ្រង់ទ្រាយធំមួយក្នុងតំបន់មជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែល និងក្រុមហេសប៊ូលឡា ក្នុងប្រទេសលីបង់ក៏ត្រូវបានគេរាយការណ៍ដែរថាបានបាញ់ផ្លោងដាក់ គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល ទាហានរបស់ខ្លួនបានបើកការវាយប្រហារឆ្លើយតបទៅនឹង ការវាយប្រហារចេញពីប្រទេសស៊ីរី ប៉ុន្តែមិនបានផ្ដល់ព័ត៌មាន លម្អិតអ្វីនោះទេ ហើយក៏មិនទាន់ មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយដែរ៕