ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មី កាណាដាប្រចាំកម្ពុជា ស្តីពី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន


(ភ្នំពេញ)៖ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដា ប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួម មានការគាំទ្រដល់ការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន ជាដើម។

ទេសរដ្ឋមន្រ្តី បានបន្តថា រយៈពេលជាង៣០ឆ្នាំ នៃសកម្មភាពមីន កម្ពុជាសម្រេចបាននូវសមិទ្ធផល យ៉ាងធំធេង ព្រមទាំងទទួលបាននូវបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមចែករំលែកជំនាញ និង ចំណេះដឹងរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដែលទទួលរងគ្រោះថ្នាក់ដោយសារ សំណល់ជាតិផ្ទុះពីសង្រ្គាម ដូចកម្ពុជាដែរ។ ជាមួយនឹងបទពិសោធន៍ទាំងនេះ កម្ពុជាធ្លាប់បាន ទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឬសិក្ខាសាលា ឬសន្និសីទជាច្រើនទាំងថ្នាក់តំបន់ និងសកលលោក ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ជាដើម។

ក្នុងនាមជាប្រធានជ្រើសតាំងនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីនសម្រាប់ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសកាណាដាជួយគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅនៃ កិច្ចប្រជុំកំពូលនេះក្នុងក្របខណ្ឌនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលមានប្រទេសប្រមាណជា ២០០ ចូលរួម។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី បានអញ្ជើញលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នៅឆ្នាំក្រោយព្រមទាំងចូលរួមជំរុញឱ្យបណ្តាប្រទេសដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្លាយជារដ្ឋភាគីពេញសិទ្ធិ ដើម្បីរួមគ្នាឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន៕