ក្រសួងបរិស្ថានដាក់ចេញវិធានការ ដើម្បីធានាបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដ៏ចម្បង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ក្នុងការធានាបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពីអភិបាលរងខេត្តក្រចេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន មន្ទីរបរិស្ថាន មន្ទីអង្គភាពពាក់ព័ន្ធ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សជាច្រើននាក់។

នាឱកាសនោះដែរ ឯកឧត្តម ជា សំអាង បានលើកឡើងពីការរៀបចំយន្ដការនានាសម្ដៅធ្វើយ៉ាង ណាឱ្យការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តភាពតា មរយៈការអនុវត្តវិធានការ៤ ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលបានដាក់ចេញដោយលោករដ្ឋមន្ត្រីក្រសួង បរិស្ថាន។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍ ដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖

១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជា មួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារ ព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាម សហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើម ឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕