(ណៃពិដោ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីនៃរបបសឹកមីយ៉ាន់ម៉ា បាននិយាយថាប្រទេស របស់លោកកំពុងប្រឈមមុខនឹងហានិភ័យនៃការបែកខ្ញែកជាចំណែកៗ ដោយសារតែការគ្រប់គ្រង មិនមានប្រសិទ្ធភាពលើអំពើហិង្សា ដែលបានផ្ទុះឡើងថ្មីៗនេះនៅឯតំបន់ព្រំដែនជាប់ជាមួយចិន។

របបសឹកមីយ៉ាន់ម៉ា បាន និងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំដល់អំណាច ដែលខ្លួនបាន ក្រសោបយកតាមរយៈការធ្វើរដ្ឋប្រហារកាលពី ឆ្នាំ២០២១មក ចំពោះមុខការកើនឡើងការវាយ ប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចលើមូលដ្ឋានរាប់រយកន្លែងរបស់របបសឹក នៅភាគខាងជើង ភាគឦសាន ភាគពាយព្យ និងភាគអាគ្នេយ៍នៃប្រទេស។
ថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ប្រធានាធិបតី ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) លោក Myint Sweបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើរដ្ឋាភិបាល មិនអាចដោះស្រាយអំពើហិង្សាដែលកំពុងកើតឡើងនៅតាមតំបន់ព្រំដែនឱ្យមានប្រសិទ្ធភាពទេ នោះ ប្រទេសនឹងត្រូវបែកខ្ញែកជាច្រើនផ្នែក។ នេះជារឿងចាំបាច់ដើម្បីគ្រប់គ្រងបញ្ហានេះដោយយកចិត្តទុកដាក់បំផុត ខណៈបច្ចុប្បន្នវាជាពេល វេលាដ៏សំខាន់ សម្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងប្រជាជនទាំងមូលផ្ដល់ការគាំទ្រដល់ Tatmadaw (យោធាមីយ៉ាន់ម៉ា)»៕
































