រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំពីការសិក្សាបឋមពីផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់លើ ហេដ្ឋារចនាសម្ព័ន្ធការងារទឹកក្នុងឆ្នាំ២០២៣


(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បាមដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាបឋមពីផលប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធការងារទឹក ឆ្នាំ២០២៣ និងស្វែងរកដំណោះស្រាយបន្ទាន់ជំនន់ស្ទឹង ព្រែកត្នោត។

សូមជម្រាបថា កិច្ចប្រជុំបានផ្តោតការ ពិភាក្សាលើបីចំណុច គឺ ទី១)តំបន់លិចទឹកដោយកត្តាធម្មជាតិ ជាប្រចាំ ទី២) តំបន់លិចទឹកដែលអាចកាត់បន្ថយតាមរយ:ការស្តារនិងសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ធារាសាស្ត្រ និងទី៣) តំបន់លិចទឹកដែលបណ្តាលមកពីការអភិវឌ្ឍ និងផែនការយុទ្ធសាស្រ្តក្នុងការ ដោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា ជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ បាន បណ្តាលឱ្យខេត្តចំនួន១៤ ទទួលរងនូវផលប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម័្ពន្ធការងារទឹក ក្នុងនោះខេត្តចំនួន១១ បានវាយតម្លៃពីការខូចខាតប្រព័ន្ធធារាសាស្រ្ត និងការបាក់ស្រុតច្រាំង ទន្លេឬស្ទឹង។

ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងប្រព័ន្ធធារាសាស្រ្តសំខាន់ៗ ក្នុងអាងស្ទឹង ដូចជា អាងស្តុកទឹកតាសាល អាងស្តុកទឹក ពាមល្វា-អូរតោង ទ្វារទឹករលាំងជ្រៃ អាងស្តុកទឹកអូរកូនត្រុំ សំណង់ទ្វារទឹកមេ ៧មករាបានដើរតួយ៉ាងសំខាន់ក្នុងការស្តុកទឹក ការគ្រប់ គ្រង និងការបង្វែរទឹកពីស្ទឹងព្រែកត្នោត ដែលតែងតែយាយីភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុង តាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម រដ្ឋមន្ត្រីបានណែនាំអង្គប្រជុំឱ្យពិភាក្សា និងចាត់វិធានការដោះស្រាយកាត់បន្ថយគ្រោះ ទឹកជំនន់ នៅតាមមូលដ្ឋានជាក់ស្តែងដោយឈរលើទិដ្ឋភាពចំនួន៣ទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេក ទេស និងទិដ្ឋភាពសេដ្ឋកិច្ចសង្គម។

ឯកឧត្តម រដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវ សហការ ជា មួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រប់ ផ្នែក និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ អនុវត្ត ការងារក្នុង ដែន សមត្ថកិច្ច របស់ ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពទឹក ជូនប្រជាពលរដ្ឋ ជាពិសេស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល៕