ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមមហាសន្និបាត រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា លើកទី៦


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាអធិបតី កិត្តិយសក្រុមប្រឹក្សាជាតិរណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងអញ្ជើញចូលរួមមហាសន្និបាត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

មហាសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យឡើងវិញ សកម្មភាពការងារ​ដែល​បាន​ធ្វើនាពេលកន្លង មក និងដាក់ចេញផែនការ ក៏ដូចជាគោលដៅការងារសម្រាប់​អនុវត្តន៍​បន្ត។

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា ណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និង​បានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឆ្នាំ២០២៣នេះ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា មានអាយុកាល ៤៥ឆ្នាំហើយ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង​មហា​សាមគ្គី ប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោ ធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជា ប្រមុខដឹកនាំ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់ និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបប​កម្ពុជា​ប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតប្រកប​ដោយ​ភាពអង់អាចក្លាហាន នោះ ប្រទេសកម្ពុជាទាំងមូលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើប្រជាពល រដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោម ដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាក៕