រដ្ឋមន្ត្រី ឌិត ទីណា និងអ្នកឧកញ៉ា គិត ម៉េង ចុះហត្ថលេខា ស្ដីពី ការប្រើប្រាស់ឥណទានរបស់ធនាគារ វីង សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម


 (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការប្រើប្រាស់ ឥណទានរបស់ធនាគារវីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។ កម្មវិធីនេះរៀបចំធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលសែនពិដោរ ។

ឯកឧត្តម រដ្ឋមន្ត្រីបង្ហាញក្តីសោមនរីករាយដែលអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម និងធនាគារវីង ដោយធនាគារនេះព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លាន ដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ៧ទៅ៨ភាគរយ ក្នុងមួយ ឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ ។

ឯកឧត្តម រដ្ឋមន្ត្រីគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ជាជោគជ័យថ្មីមួយ ទៀតក្នុងការជួយដល់ដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅធ្វើយ៉ាងណា លើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទៅមុខមួយកម្រិតទៀត ។

ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារវីង ជំនួសប្រជាកសិករ សហគមន៍ និងសហ គ្រាសតូច-ធំមួយចំនួនទៀត ដែលធ្វើការលើកកម្ពស់លើវិស័យកសិកម្ម ដែលនឹងទទួលបានទំហំ កម្ចីពីធនាគារវីងប្រមាណជា៥លានដុល្លារ ក្នុងអត្រាការប្រាក់ទាប។ បើតាមឯកឧត្តម រដ្ឋមន្ដ្រី នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដើម្បីឱ្យគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារផ្សេងៗ អាចគិតគូពិចារណាក្នុងការដើរតាមគំរូរបស់ធនាគារវីង (ខេមបូឌា) ម.ក ក្នុងការជួយជ្រោមជ្រែង ដល់កសិករ និងសហគមន៍កសិកម្ម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងអាណត្ដិទី៧ ដើម្បីជម្រុញ និងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា ព្រមទាំងជីវភាព របស់ប្រជាជន ឱ្យកាន់តែប្រសើរឡើងក្នុងមួយកម្រិតទៀត។

ករណីនេះឯកឧត្តម រដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីគ្រូហិរិញ្ញវត្ថុនានា គិតគូរ ពិចារណា ក្នុងការផ្ដល់ឥណទានដែលមានការអត្រាការប្រាក់ទាប ដើម្បីសម្រួលដល់ប្រជាកសិករ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ៕