ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញសមាគមមិត្តនគរបាល ធ្វើសកម្មភាពជាគុណប្រយោជន៍ ដល់នគរបាលជាសមាជិក


(ភ្នំពេញ)៖ ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទី ភារកិច្ចអស់រយៈពេលអាណត្តិទី៤ កន្លងទៅរបស់សមាគមមិត្តនគរបាលកម្ពុជា។

ទន្ទឹមនេះ ដើម្បីបំពេញតួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឲ្យមានកម្មវិធីប្រជុំជា កំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឲ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធ ឡើងវិញ ជាពិសេស តាមអគ្គនាយកដ្ឋានដែលទើបបង្កើតថ្មី។

ដើម្បីលើកកម្ពស់កិត្តិយសមន្ត្រីនគរបាលជាតិ អភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈ កម្មាធិការអាណត្តិថ្មី ឲ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសព នៅតាមគណៈកម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យ ឲ្យបានសមរម្យ។ ដូចគ្នាដែរ ថវិកាសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជាសមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុម គ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ។

ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល សូម បន្តបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទ ឲ្យបានកាន់តែល្អទ្វេរ ដង ក៏ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិការឧបត្ថម្ភ និងការជួយរៀបចំពិធី បុណ្យសពផងដែរ។

រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគម មិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅធ្វើទំនើបកម្មគ្រប់គ្រងឯកសារ របស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយមិនអាចនៅបន្តប្រតិបត្តិការតាមបែបប្រពៃ ណីទៀតឡើយ។

ក្នុងពិធីបិទមហាសន្និបាតនេះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏ផ្ញើសារអំពាវនាវដល់ បណ្ដាសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឲ្យ សមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតនាពេលបច្ចុប្បន្ន និងអនាគត។

គួរកត់សម្គាល់ថា មហាសន្និបាត បានបោះឆ្នោតជូន នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ ធ្វើជាប្រធាន និង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស៕