សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញបំណងសិក្សាកសាងផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ បន្ថែម ដើម្បីសម្រួលការធ្វើចរាចរណ៍


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងសិក្សា ផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ ប្រជាពលរដ្ឋ ។ សម្ដេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តគិតគូរពីការរៀបចំហេដ្ឋារចនាសម្ពន្ធសាធារណៈ ដើម្បីសម្រួលកុំឱ្យមានការស្ទះចរាចរណ៍នៅក្នុងក្រុង។

សម្ដេចធិបតីបានបង្ហាញបំណងសិក្សាគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានី ភ្នំពេញបន្ថែមទៀត ពិសេសការពង្រីកទីក្រុង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងក្រុង។ សម្ដេចធិបតីបានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏មានផែនការ មេក្នុងការពង្រីកទីក្រុងទៅក្រៅផងដែរ ដែលការពង្រីកទីក្រុងនេះត្រូវគិតគូរអំពីហេដ្ឋារចនាសម្ពន្ធ សាធារណៈជាចាំបាច់។

គួរជម្រាបថា មកទល់ពេលនេះ នៅរាជធានីភ្នំពេញមានផ្លូវអាកាសឬស្ពានអាកាស និងផ្លូវក្រោមដី មួយចំនួន ដូចជា ផ្លូវអាកាសឬស្ពានអាកាស៧មករា ស្ពានអាកាសនិងផ្លូវក្រោមដី៥មករា ស្ពាន អាកាសនិងផ្លូវក្រោមដីស្ទឹងមានជ័យ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាសចោមចៅ ស្ពានអាកាសឫស្សីកែវ ខណៈបច្ចុប្បន្នកំពុងសាងសង់ស្ពានអាកាសពីផ្លូវព្រះមុនី វង្ស-ក្បាលថ្នល់ថែមទៀតដែរ៕