ប្រធានាធិបតីតួកគី លោក Erdogan ហៅអ៊ីស្រាអែលថាជា «រដ្ឋភេរវករ»

(អង់ការ៉ា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃពុធ សប្តាហ៍នេះថា អ៊ីស្រាអែលជា «រដ្ឋភេរវករ» ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបំពានច្បាប់ អន្តរជាតិនៅតំបន់ហ្គាហ្សា ខណៈពេលដែលលោកបញ្ជាក់ឡើងវិញ នូវទស្សនៈរបស់គាត់ថា ក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ មិនមែនជាអង្គការភេរវករនោះទេ។

ថ្លែងទៅកាន់សមាជិកសភាក្នុងសភា លោក Erdogan ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថាតើអ៊ីស្រាអែលមានគ្រាប់បែកនុយក្លេអ៊ែរឬអត់ ហើយ ថែមទាំងបានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺហួសសម័យហើយ។

លោក​បាន​បន្ត​ថា ក្រុម​ហាម៉ាស់​ជា​គណបក្ស​នយោបាយ​ដែល​ប្រជាជន​ប៉ាឡេស្ទីន​បោះឆ្នោត​ជ្រើស រើស មិនមែនអង្គការភេរវករនោះទេ៕