សហរដ្ឋអាមេរិក បើកការវាយប្រហារលើគោលដៅ ២កន្លែង ក្នុងប្រទេសអ៉ីរ៉ាក់

(បាកដាដ)៖ យោធាអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងចំនួន២ នៅក្នុងប្រទេសអ៉ីរ៉ាក់ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ ជាការសងសឹកទៅនឹងការវាយប្រហារពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង X បញ្ជាការដ្ឋាន​យោធាអាមេរិក​ទទួក​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​ និង​អាស៊ី​កណ្ដាល (CENTCOM) បានគូសបញ្ជាក់ដូច្នេះថា «យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដាច់ដោយឡែកពីគ្នា និងកំណត់គោលដៅជាក់លាក់ប្រឆាំងនឹង មូលដ្ឋាន ២កន្លែងនៅក្នុងប្រទេសអ៉ីរ៉ាក់»។ CENTCOM បន្ថែមថាការវាយប្រហារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារប្រឆាំងនឹង កងទ័ពអាមេរិក និងកងកម្លាំងចម្រុះពីសំណាក់អ៉ីរ៉ង់ និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។

ដោយឡែក មន្ត្រីអាមេរិកម្នាក់មកពីមន្ទីរបញ្ចកោណ បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការវាយប្រហារនៅថ្ងៃពុធនេះ ធ្វើឡើងដោយ យន្ដហោះចម្បាំងអាមេរិក ដោយបានបំផ្លាញមជ្ឈមណ្ឌប្រតិបត្តិការមួយ និងទីបញ្ជាការមួយរបស់ក្រុម Kataeb Hezbollah ស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានីបាកដាដ។