(ហ្សឺណែវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ជនស៉ីវិលស្លូតត្រង់ជាង១០,០០០នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

បេសកកម្មសិទ្ធិមនុស្ស UN ប្រចាំអ៊ុយក្រែន ដែលមានភ្នាក់ងារឃ្លាំមើលជាច្រើននៅក្នុងប្រទេសនេះ បាននិយាយថា បើតាមការរំពឹងទុក តួលេខជាក់ស្តែងពិតប្រាកដនៃអ្នកស្លាប់ បើធៀបជាមួយនឹងតួលេខផ្លូវការគឺមុខជានឹងខ្ពស់ខ្លាំងជាង ដ្បិតការងារផ្ទៀងផ្ទាត់តួលេខកំពុងតែប្រព្រឹត្តទៅ ជាពិសេសព្រឹត្តិការណ៍អំលុងប៉ុន្មានខែដំបូង ក្រោយសង្រ្គាមផ្ទុះឡើង រួមមានទាំងសមរភូមិទីក្រុង Mariupol ជាទីដែលអ្នកស្រុកបានរាយការណ៍ អំពីចំនួនជនស៉ីវិលស្លាប់ច្រើនជាដើម៕
































