(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និង ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣។
ពិធីនេះមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំ ពាក់ព័ន្ធក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ស្ថានទូត វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកបច្ចេកវិទ្យាជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុង ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមស្រ្តី ប្រកបដោយបរិយាបន្ន និងការទទួលស្គាល់នូវសមិទ្ធផលរបស់ស្រ្តី ជាវិស្វករបច្ចេកវិទ្យា អ្នកច្នៃប្រឌិត មន្រ្តីរាជការ យុវនារី និងសហគ្រិនក្នុងវិស័យឌីជីថល ព្រមទាំងជាវេទិកាសម្រាប់ស្រ្តីក្នុងការចែក រំលែក ចំណេះដឹង បទពិសោធ និងបង្កើតទំនាក់ទំនងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជី ថលនៅកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍ អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង កិច្ចការនារី។

ស្របជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ភាគីទាំងអស់ ដែលខិតខំប្រឹង សហការយ៉ាងជិតស្និទ្ធ ក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំក្រសួង CADT ចៅក្រម ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម រដ្ឋមន្ត្រីបានអបអរសាទរ និងប្រគល់ជូនពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣ ព្រមទាំងលិខិតសរសើរជូនដល់ជ័យលាភី រួមមាន៖ ពានរង្វាន់ឌីជីថលកម្ពុជា២០២៣ មានក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោម អ្នកដាក់ពាក្យ ជាង៥០ ក្រុមហ៊ុន ស្ថាប័នដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិត បច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។

ជ័យលាភីទាំង ៥ប្រភេទពានរង្វាន់រួមមាន៖
* ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូន Kiripost របស់ក្រុមហ៊ុន Kiripost Media
* ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ត្រូវបានផ្តល់ជូន “CAM-Science” របស់ក្រុមហ៊ុន CHALATEX
* ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the Year) ត្រូវបានផ្តល់ជូន ធនាគារវីង (Wing Bank) លើផលិតផល “Wing Digital Loan”
* ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the Year) ត្រូវបានផ្តល់ជូន “ DamDoh App ” របស់ក្រុមហ៊ុន Hostmobiz

* ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ដែលពានរង្វាន់ពិសេស មានទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើតធុរកិច្ចថ្មីឌីជីថល ការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស ដែលត្រូវ បានផ្តល់ជូន ” Tenbox ” របស់ក្រុមហ៊ុន Wave Asia។
ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបេក្ខនារីចំនួន ៥រូប ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ ពាក្យ ជាង៦០រូប ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺសាវតាការងារ ការច្នៃប្រឌិត បច្ចេកវិទ្យា និងឥទ្ធិពលដល់សង្គម។ ជ័យលាភីទាំង ៥រូប ដែលទទួលបានពានរង្វាន់ រួមមាន៖
១៖ ពានរង្វាន់យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Youngster of the Year) ត្រូវបានផ្តល់ជូន កញ្ញា ជុន ផល្លាមនុញ្ញ ជានិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

២៖ ពានរង្វាន់ស្ត្រីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Creative of the Year) ត្រូវបាន ផ្តល់ជូន កញ្ញា ម៉េង ម៉ូលីនណា អ្នកបង្កើតមាតិការឯករាជ្យ
៣៖ ពានរង្វាន់ស្ត្រីវិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Engineer of the Year) ត្រូវបានផ្តល់ជូន កញ្ញា ទេស ពុទ្ធិរ៉ា មកពីក្រុមហ៊ុន ADITI
៤៖ ពានរង្វាន់ស្ត្រីសហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Entrepreneur of the Year) ត្រូវបានផ្តល់ជូន លោកស្រី ចៅ លន់ មូលីការ ប្រធានក្រុមហ៊ុន Sophea Moly Agro-Retails & Trading Co., Ltd.
៥៖ ពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ (Female Digital Government Innovator) ត្រូវបានផ្តល់ជូន កញ្ញា អ៊ុង សុម៉ី មកពីធនាគារជាតិនៃកម្ពុជា។
កម្មវិធីពានរង្វាន់ទាំងពីរទទួលការឧបត្ថម្ភនិងគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួង កិច្ចការនារី, ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា, មូលនិធិ ស.អ. ក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia)៕
































