(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣ អោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ សប្តាហ៍នេះថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើនៅឆ្នាំ ២០២៤ ខាងមុខ ដែលជាវិធានការមួយត្រូវបានគេរំពឹងថា នឹងរក្សាលោក ឲ្យកាន់អំណាចរហូតដល់ឆ្នាំ ២០៣០។
លោក ពូទីន ដែលត្រូវបាន លោក Boris Yeltsin ប្រគល់តំណែងប្រធានាធិបតីជូននៅថ្ងៃចុង ក្រោយនៃឆ្នាំ ១៩៩៩ បានកាន់តំណែងកំពូលមួយនេះ យូរជាងមេដឹកនាំរុស្ស៊ីដទៃទៀតចាប់តាំងពី លោក Joseph Stalin ហើយថែមទាំងបានវ៉ាដាច់អាណត្តិ ១៨ ឆ្នាំរបស់លោក Leonid Brezhnev ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបាននិយាយថា បន្ទាប់ពីផ្តល់រង្វាន់ដល់ទាហានដែលបានប្រយុទ្ធនៅ អ៊ុយក្រែន ជាមួយនឹងកិត្តិយសយោធាខ្ពស់បំផុតរបស់រុស្ស៊ី លោក ពូទីន ត្រូវបានសួរ ដោយ វរសេនីយ៍ឯកម្នាក់ថា តើគាត់នឹងឈឈ្មោះជាប្រធានាធិបតីទៀតដែរឬទេ?
ប្រមុខវិមានក្រឹមឡាំងបាននិយាយថា លោកនឹង (ធ្វើដូច្នោះ)។ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍កាលពីខែមុនថា លោក ពូទីន នឹឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី ម្តងទៀត ដែលគ្រោងនៅឆ្នាំ២០២៤ នេះផងដែរ។
សម្រាប់លោកពូទីន ការបោះឆ្នោតគ្រាន់តែជាទម្រង់មួយប៉ុណ្ណោះ ថ្បិតថាលោកមានទាំងការគាំទ្រ ពីរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងស្ទើរតែគ្មានការជំទាស់ជាសាធារណៈទេ។ អ្នកនយោបាយបក្សប្រឆាំងមើលឃើញថា ការបោះឆ្នោតជាស្លឹកផ្លែល្វានៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានតុបតែងឡើងសម្រាប់អ្វីដែលពួកគេមើលឃើញថា ជារបបផ្តាច់ការ និងពុករលួយ។
អ្នកគាំទ្រលោក ពូទីន ច្រានចោលការវិភាគនេះ ដោយចង្អុលទៅការស្ទង់មតិឯករាជ្យ ដែលបង្ហាញ ថា ការពេញចិត្តចំពោះលោក ពូទីន គឺលើសពី ៨០ ភាគរយ។ ពួកគេនិយាយថា លោក ពូទីន បានស្ដារសណ្តាប់ធ្នាប់ និងស្ដារឡើងវិញនូវឥទ្ធិពលមួយចំនួនដែលរុស្ស៊ីបានបាត់បង់នៅក្នុងភាព វឹកវរ នៃការដួលរលំនៃសហភាពសូវៀត។
គួរបញ្ជាក់ថា សភារុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់យកថ្ងៃទី ១៧ ខែមីនា ជាកាលបរិច្ឆេទ នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤៕
































