សហភាពអឺរ៉ុប ត្រៀមខ្លួនសម្រាប់កិច្ចប្រជុំដ៏តានតឹងជាមួយហុងគ្រី ស្ដីពីអ៊ុយក្រែន

(ព្រុចសែល)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា បណ្តាមេដឹកនាំសហភាពអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំដ៏សំខាន់ មួយស្តីពីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែល បានរារាំងការចាប់ផ្តើមកិច្ចចរចាចូលជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងជំនួយហិរញ្ញវត្ថុ ៥៤ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ។

កិច្ចប្រជុំនេះ កើតមានឡើងក្នុងពេលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី មិនទទួលបាន ជោគជ័យជាដុំកំភួន ហើយរដ្ឋបាលលោក បៃដិន រហូតមកដល់ពេលនេះ ក៏មិនអាចទទួលបានការ អនុម័តពីសភា នូវកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ប្រសិនបើមេដឹកនាំ EU អាចឈានដល់ការផ្តល់ភ្លើងបៃតងជុំវិញការចរចាស្តីពីសមាជិកភាព និងកញ្ចប់ជំនួយហរិញ្ញវត្ថុរយៈ ពេល ៤ឆ្នាំសម្រាប់អ៊ុយក្រែនមែន នោះ ទីក្រុងកៀវនឹងអាចដណ្តើមបានជ័យជម្នះខាងភូមិសាស្ត្រ នយោបាយមកវិញ។

បណ្តាដឹកនាំនៃប្រទេសទាំង ២៧ របស់ EU លើកលែងតែ លោក Orban បានគាំទ្រឲ្យមានការចាប់ ផ្តើមកិច្ចចរចាស្តីពីសមាជិកភាពអ៊ុយក្រែន។ ប៉ុន្តែ ការសម្រេចចិត្តបែបនេះតម្រូវឲ្យមានការឯកភាព គ្នាជាឯកច្ឆន្ទ ហើយហុងគ្រីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមូស្គូ បានជំទាស់ថាអ៊ុយក្រែន មិនទាន់ត្រៀមលក្ខណៈរួចរាល់ទេ។ ក្រុមមន្ត្រីនិងអ្នកការទូតបាននិយាយថា ពួកគេកំពុងត្រៀម រៀបចំកិច្ចប្រជុំដ៏តានតឹងមួយ ដែលអាចប្រព្រឹត្តទៅ នៅយប់ថ្ងៃសុក្រ ឬរហូតដល់ចុងសប្តាហ៍៕