អាជ្ញាធរជាតិអប្សរា ចូលរួមធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ក្នុងអង្គពិធី អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

 (សៀមរាប)៖ អង្គពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ត្រូវបានប្រារព្ធ ពិធីបើកក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានជាតិអប់រំរាជធានី ភ្នំពេញ។

ក្នុងមហាសន្និបាតនេះក៏មានព្រះរាជវត្តមាន និងព្រះវត្តមាន យាង និមន្ដចូលរួមរបស់សម្ដេចព្រះអភិ សិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈ ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេចព្រះរាជាគណៈ ព្រះមន្ដ្រី សង្ឃគ្រប់ជាន់ថ្នាក់ សមណនិស្សិត និស្សិត និងមន្ដ្រីរាជការចូលរួមប្រមាណ១០០០អង្គ/ នាក់ ដែលរៀបចំដោយ ក្រសួងធម្មការ និងសាសនា។

ក្នុងពិធីបើកមហាសន្និបាតនេះ តំណាងអាជ្ញាធរជាតិអប្សរា ក៏បានទទួលការអញ្ជើញឲ្យ ចូលរួមឡើង ធ្វើបទបង្ហាញស្ដីអំពី បេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ដែលមានចំណុចសំខាន់ៗមានដូច ខាងក្រោម៖

⁃ ច្បាប់ស្ដីអំពីសម្បត្តិបេតិកភណ្ឌចេញដោយព្រះរាជក្រឹត្យ
⁃ ការចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះបេតិកភណ្ឌក្នុងវត្តអារាម
⁃ អំពីកិច្ចការងារអភិរក្សសំណង់ចាស់ៗនៅទីវត្តអារាមមួយចំនួន
⁃ អំពីការទប់ស្កាត់សំណង់នានានៅតាមវត្តអារាមមួយចំនួន
⁃ អំពីវត្តអារាមដែលបានចូលរួមដោះស្រាយសណ្ដាប់ធ្នាប់ និងបរិស្ថាន។

ក្រោយបានបញ្ចប់បទបង្ហាញរួចមក គណៈសង្ឃ ព្រះមន្ដ្រីសង្ឃក្នុងពិធីទាំងមូលបានចូលរួមអប អរសាទរ និងបានស្វាធ្យាយ ជយន្ដោ ប្រសិទ្ធិពរដល់ប្រាង្គប្រាសាទជាបេតិកភណ្ឌពិភពលោក  ហើយនិងប្រជាជនខ្មែរដែលកំពុងប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរ  នៅប្រាសាទអង្គរវត្ត ខេត្តសៀម រាប  ឲ្យបានជួបតែនឹងពុទ្ធពរតរៀងទៅ។

សូមជម្រាបផងថា ថ្ងៃទី១៤ធ្នូនេះ ជាថ្ងៃពិសេស គឺជាថ្ងៃដែលប្រាសាទអង្គរវត្ត បានបញ្ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោករយះពេល៣១ឆ្នាំមកហើយ ស្របពេលជាមួយពិធីបើកអនុសំវច្ឆរ មហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣១ផងដែរ៕