(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ លោក ហ្សាក់ ប៉ែលឡេ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លើសពីនេះ លោកបានបញ្ជាក់ថា បារាំងនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យសុខាភិបាល, ឌីជីថល, សេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាក អន្តរជាតិ។
ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរថា ប្រទេសបារាំងនឹងគាំទ្រ បេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅឆ្នាំ២០២៦ ខាងមុខ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលប្រមាណជាង ៩០ នៅទូទាំងសាកលលោក ចូលរួម។ ជាមួយគ្នានេះ ប្រទេសបារាំង ក៏បាននិងកំពុងត្រៀមលក្ខណៈក្នុងការទទួលស្វាគន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសបារាំង នាពេលឆាប់ៗ ខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកឯកអគ្គរដ្ឋទូត និងសហការី នៅក្នុងជំនួបនេះ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង ពីរក្នុងរយៈកាលកន្លងមក និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមជា មួយនឹងការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយការ បរទេសមិនប្រែប្រួលឡើយ ពោលគឺបន្តនូវនិរន្តរភាព និងសង្គតិភាពនៃទំនាក់ទំនង ជាពិសេសនៅ ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង ៕

































