(យូអិន)៖ រុស្ស៉ី និងចិន បានចោទប្រកាន់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ (ម៉ោងនៅទីក្រុងញូវយ៉ក) ថាជាអ្នក ដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយការវាយប្រហារសងសឹកលើ ចលនាប្រដាប់អាវុធ គាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាអាមេរិក កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍សប្ដាហ៍មុន បានវាយប្រហារតាមផ្លូវ អាកាសលើគោលដៅជាច្រើននៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារ ដោយយន្ដហោះដ្រូនដែលសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃ ទី២៨ ខែមករា។
ការវាយប្រហារតាមផ្លូវអាកាសនេះដែលមានគោលដៅលើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធ គាំទ្រដោយអ៉ីរ៉ង់ បាន និងកំពុងបង្កើនភាពភ័យខ្លាចថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ មិនតែប៉ុណ្ណោះ សេតវិមាន កាលពីថ្ងៃអាទិត្យក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកមានផែនការបើក ការវាយប្រហារសងសឹកបន្ថែមទៀត។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vasily Nebenzia ដែល ប្រទេសរបស់លោកជាអ្នកកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានលើកឡើងថាការវាយប្រហារ តាមផ្លូវអាកាសរបស់អាមេរិក គឺមានចេតនាដុតបញ្ឆេះជម្លោះបន្ថែម។ ចំណែក ឯកអគ្គរដ្ឋទូតចិន លោក Jun Zhang ក៏បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះដែរថាសកម្មភាពរបស់សហរដ្ឋ អាមេរិកនឹងបង្កទៅជាវដ្ដនៃការសងសឹកដាក់គ្នាទៅវិញទៅមក នៅក្នុងតំបន់មជ្ឈិមបូព៌ា៕
































