កម្ពុជាមានសត្វខ្សឹប ជិត ៤០០ក្បាល ជាងពាក់កណ្តាលនៃចំនួនសត្វខ្សឹបលើពិភពលោក

ភ្នំពេញ ៖ «តាមរយៈគម្រោងអភិរក្សសត្វខ្សឹបនៅតំបន់ការពារ ទេសភាពខាងជើង បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ត កំពង់ធំ និងខេត្តសៀមរាបបាន និងកំពុងជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈការ អនុវត្តគម្រោងនិរន្តរភាពស្រូវដែលជាផលិតស្រូវសរីរាង្គលក់ទៅ ក្រៅប្រទេស និងចំណូលបានមកពីវិស័យទេស ចរណ៍ធម្មជាតិ»។ នេះជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេ ខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅអំឡុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹបសហការដោយក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០ ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថាសត្វខ្សឹបជាសត្វកម្រនិងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារនិងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានាជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា តាមរយៈទិន្នន័យជំរឿននៅឆ្នាំ២០០៧ប្រភេទសត្វខ្សឹបដ៏កម្រនេះ មានចំនួនប្រមាណជិត ៤០០ ក្បាលដែលចំនួននេះស្មើនឹង ៥៧,១៤ ភាគរយនៃចំនួនសត្វខ្សឹបសរុបនៅលើពិភព លោក។ ក្រៅពីប្រទេសកម្ពុជា សត្វខ្សឹបមាននៅប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ ប៉ុន្តែឯកឧត្តមរដ្ឋលេខា ធិការក្រសួងបរិស្ថានក៏បានបង្ហាញការព្រួយ បារម្ភចំពោះការបន្តធ្លាក់ចុះនៃចំនួនសត្វខ្សឹបដោយយោងតាមទិន្ន ន័យជំរឿននៅឆ្នាំ ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប នៃតំបន់ការពារ ទេសភាពទំនាបខាងជើងទន្លេសាបនៃប្រទេសកម្ពុជាមានចំនួន ១១៧ ក្បាលដែលមានការធ្លាក់ចុះជាង ២០០ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុង ក្រោយនេះ។រដ្ឋលេខា ធិការបានលើកឡើងថា ប្រការដែលគួរឱ្យកត់សម្គាល់គឺចំនួនសត្វ ខ្សឹបដែលបានសិក្សា និងកត់ត្រាមានស្ថេរភាពនៅក្នុងតំបន់ការពារធម្មជាតិ ដែលមានការអនុវត្តច្បាប់យ៉ាង សកម្ម ហើយវាបាន ធ្លាក់ចុះយ៉ាងគំហុកនៅក្រៅតំបន់ការពារ និងនៅតាមតំបន់ដែលសកម្មភាពអនុវត្តច្បាប់និងការចូលរួមពីសហគមន៍តំបន់ ការពារធម្មជាតិនៅមានកម្រិតនៅឡើយ។

តាមការគូសបញ្ជាក់ឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាមន មូលហេតុនៃការថយចុះនៃចំនួនសត្វខ្សឹបមាន ការថយចុះ ដោយសារតែការបាត់បង់ទីជម្រក ការទន្ទ្រា នកាន់កាប់ដីវាលស្មៅធម្មជាតិ ការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ ការប្រើប្រាស់ថ្នាំពុលនិងផលប៉ះពាល់ពីកត្តាផ្សេងៗទៀត។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាតំបន់អភិរក្សសត្វខ្សិបមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបទំហំ ៣១ ១៥៩ ហិកតាត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាប្រកាសតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបកាលពីខែឧសភា ឆ្នាំ ២០១៦ ដើម្បីរៀបចំអភិរក្សសត្វ ខ្សឹបដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភព លោក។ ឯកឧត្តមបានឱ្យដឹងថា តំបន់ការពារ ទេសភាពខាងជើងបឹងទន្លេសាបគឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ និងមានប្រភេទសត្វស្លាបផ្សេងទៀតចំនួនជាង ២១៧ ប្រភេទ រួមទាំងប្រភេទជិតផុតពូជមួយចំនួនដូចជាត្រយ៉ងចង្កំកស អង្កត់ខ្មៅ និងក្រៀល៕