រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹង ថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកពុលស្រាថ្នាំចិនសែតាំងគួយ នៅ ភូមិចំនួន៩ ស្ថិតក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កើនដល់ ៤៤ នាក់ ក្នុងនោះស្លាប់៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១៥នាក់។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកជំងឺដែលនៅសល់កំពុង សម្រាកពេទ្យសរុប មាន ចំនួន១៥នាក់ ក្នុងនោះ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី មានចំនួន ៩ នាក់, មន្ទីរពេទ្យប៉ោយប៉ែត មានចំនួន០៥នាក់ និងមន្ទីរពេទ្យខេត្តសៀមរាបម្នាក់។ ក្រៅ ពីនោះពួកគាត់បានទទួលការព្យាបាលបានធូរស្បើយ ហើយបានចេញពីមន្ទីរពេទ្យ វិល ត្រឡប់ទៅផ្ទះសម្បែងរៀងៗ ខ្លួនរួចហើយដែរ។
ដោយឡែក រោគសញ្ញា ដែលកើតមាននៅពេលដែលអ្នកពុលស្រាខាងលើនេះ បានចូល មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យម៉ាឡៃ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មាន អ្នកខ្លះមានអាការរៈ កួត ចុកដើមទ្រូង និងស្រវាំងភ្នែក និងអ្នកខ្លះទៀត មានអាការៈធ្ងន់ធ្ងរ ដោយមានស្ថានភាពសន្លប់ និងរីកប្រស្រីភ្នែក ដែលជាទូទៅរោគសញ្ញា នៃការពុល ស្រា នេះ គឺមានអាការៈឈឺក្បាល អស់កម្លាំង វិលមុខ កួត ស្រវាំងភ្នែក និងពិបាកដកដង្ហើម។
សូមជម្រាបថា ពាក់ព័ន្ធករណីពុលស្រានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាល បានចេញលិខិតផ្លូវការមួយជូន
អភិបាលរាជធានីខេត្តទាំងអស់ ឲ្យអនុវត្តន៍ គោល ការណ៍ណែនាំ ស្ដីពីការពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រាមានសារធាតុ មេតាណុល កម្រិតខ្ពស់ ដែលអាចបណ្ដាលឱ្យអ្នកទទួលទានមួយចំនួន រងគ្រោះរហូតបាត់ បង់ជីវិត៕ សំអាង ( រូបភាព ឯកសារ )
































