(បាគូ)៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បាននិយាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងដែលបានធ្លាក់កាលពីសប្ដាហ៍មុន ដោយសម្លាប់មនុស្ស៣៨នាក់ គឺបានរងការខូចខាតដោយសារតែត្រូវបានបាញ់ប្រហារដោយអចេតនា ចេញពីលើដីនៅក្នុងប្រទេសរុស្ស៉ី ជាមួយការបន្ថែមថាមនុស្សខ្លះនៅរុស្ស៉ីបាននិយាយកុហកពីមូលហេតុនៃសោកនាដកម្មនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានសុំទោសទៅកាន់លោក Aliyev ពាក់ព័ន្ធនឹងសោកនាដកម្មធ្លាក់យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines បន្ទាប់ពី ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីត្រូវដាក់ឱ្យដំណើរដើម្បីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន។ ប៉ុន្តែ លោក ពូទីន និងវិមានក្រឹមឡាំងមិនបានទទួលស្គាល់ថារុស្ស៉ីជាអ្នកបាញ់ទម្លាក់យន្ដហោះនេះនោះទេ ដោយគ្រាន់តែថា សំណុំរឿងព្រហ្មទណ្ឌមួយកំពុងដំណើរការ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយផ្ទាល់ដោយទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ លោក Aliyev បានសង្កត់ធ្ងន់យ៉ាងខ្លីថា «យន្ដហោះរបស់យើងត្រូវបានបាញ់ទម្លាក់ដោយចៃដន្យ»។ ប្រធានាធិបតីរូបនេះបន្តថា យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines បានដាច់ប្រព័ន្ធ GPS ហើយក្រោយមកបានរងការបាញ់ប្រហារ ខណៈកំពុងហោះទៅក្បែរទីក្រុង Grozny នៃភាគខាងត្បូងប្រទេសរុស្ស៉ី៕
































