មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យមានការអភិវឌ្ឍតំបន់ជនបទ នៅទូទាំងប្រទេស

Oplus_131072

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយកាណ៍ថា ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចិមត្រីថ្មីមួយ នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេស មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍតំបន់ជនបទ ចំពេលមានក្តីបារម្ភអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤។

Oplus_131072

លោក គីម ចាត់ទុកកសិដ្ឋាននេះថាជា គំនិតបង្កើតថ្មីដ៏ពិសេសមួយសម្រាប់តំបន់ ដែលពីមុនគ្រាន់តែជាឆ្នេរខ្សាច់ស មានតែដើមស្រល់។ លោក គីម បានប្រាប់ពិធីសម្ពោធនោះថា «នេះគឺជាការចាប់ផ្តើមកិច្ចការសំខាន់ ដែលធានាបាននូវវឌ្ឍនភាពប្រកបដោយស្ថិរភាព ក្នុងការកសាងសង្គមនិយម និងការអភិវឌ្ឍក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេស»

កសិដ្ឋាន Sinpho City Offshore ស្ថិតនៅក្នុងទីក្រុងឆ្នេរសមុទ្រ ដែលជាកន្លែងប្រតិបត្តិការមូលដ្ឋាននៃនាវាមុជទឹក និងធ្វើតេស្តមីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។ កសិដ្ឋាននេះបង្កើតឡើងដើម្បីដាំ និងកែច្នៃ ខ្យង ស្ពៃក្តោប ត្រសក់សមុទ្រ អណ្តើកសមុទ្រក្នុងចំណោមសត្វដទៃទៀត ហើយជាចំណុចសំខាន់នៃគោលនយោបាយអភិវឌ្ឍតំបន់ ២០ × ១០ របស់លោក គីម ក្នុងគោលបំណងសាងសង់រោងចក្រទំនើបៗ នៅតំបន់ដាច់ស្រយាល ឱ្យបានយ៉ាងហោចណាស់ ២០ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង បាននិងកំពុងជំរុញការធ្វើទំនើបកម្មឧស្សាហកម្មកសិកម្ម និងសហគមន៍ជនបទ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែនៅតែបន្តជួបប្រទះនូវបញ្ហាកង្វះស្បៀងអាហារ ចំពេលមានការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់ខ្លួន ព្រមទាំងផលប៉ះពាល់តាមរដូវកាលពីគ្រោះធម្មជាតិ៕