(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកទទួលបាន លិខិតមួយច្បាប់ពី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនៅក្នុងនោះ លោក ហ្សេលេនស្គី បានបង្ហាញឆន្ទៈយល់ព្រមចរចា ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងអំឡុងសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពប្រទេសជាតិ នៅឯសភាអាមេរិក លោក ត្រាំ បានប្រាប់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំទើបតែទទួលបានលិខិតសំខាន់មួយ ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លិខិតនោះមានខ្លឹមសារថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចូលមកអង្គុយនៅតុចរចាឆាប់ៗ ដើម្បីឆ្ពោះទៅសម្រេចបានសន្តិភាពយូរអង្វែងមួយ។ គ្មាននរណាចង់បានសន្តិភាព ជាងប្រជាជនអ៊ុយក្រែននោះឡើយ»។
គួរបញ្ជាក់ថា លោក ត្រាំ បានជួបលោក ហ្សេលេនស្គី នៅសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែជំនួបនាពេលនោះ បានប្រែក្លាយទៅជា ជម្លោះពាក្យសម្តីដ៏ខ្លាំងក្លា។ ក្នុងសប្តាហ៍នេះ លោក ត្រាំ ថែមទាំងបានផ្អាកជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន ទៀតផង។ រីឯលោក ហ្សេលេនស្គី ផ្ទាល់ កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្តាយផងដែរ ចំពោះការប៉ះទង្គិចសម្តីជាមួយលោក ត្រាំ និងបានសន្យាថា នឹងជួសជុលទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក ហើយលោកបានអះអាងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ៕































