
បន្ទាប់ពីបានចុះទៅទស្សនកិច្ចសិក្សាបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំស្រែគរ រួចមក លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានរំលឹកឡើងថា៖ លំនៅឋានពលរដ្ឋក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ត្រូវបានសាងសង់ឡើងយ៉ាងមានរបៀបគួរឲ្យទាក់ទាញ ក្រោយមានការអភិវឌ្ឍ ប្រភពថាមពលវារីអគ្គិសនី។ លោកបណ្ឌិត ឌីម សុខុន បានរៀបរាប់អំពី សារបានខ្លះៗ នៃសំណង់ដែលសាងសង់នៅក្នុងភូមិស្រែគរ១ និង ភូមិស្រែគរ២ ក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែងនេះថា៖ តំបន់អភិវឌ្ឍន៍វារីអគ្គិសនី សេសានក្រោម២ ត្រូវបានកសាងឡើងនៅក្នុងកំឡុងឆ្នាំ ២០១៦ កាលណោះ បងប្អូនប្រជាពលរដ្ឋយើងបានសាងសង់លំនៅដ្ឋានជាច្រើន ប្របតាមមាត់ទន្លេសេសាននេះ។ ក្រោយពីក្រុមការងារជំនាញខាងវិស្វករ សាងសង់ទំនប់វារីអគ្គិសនីនេះឃើញថាផ្ទះប្រជាពលរដ្ឋទាំងនោះរងនៅផលប៉ះពាល់ អាចបណ្ដាលឱ្យទឹកទំនប់អាងរបស់វារី ជនលិច ហេតុដូច្នេះទើប រាជរដ្ឋាភិបាលសហការ ជាមួយនិងក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនី តម្រូវឲ្យប្រជាពលរដ្ឋទាំងនោះផ្លាស់ប្ដូរទីលំនៅពីតំបន់ទឹកលិចមកតំបន់ផ្សេងវិញ។ លោកបណ្ឌិត ឌីម សុខុនបានបន្ថែមទៀតថា៖ ការកសាងលំនៅដ្ឋាននៅទីនេះគឺមានលក្ខណៈ សង់ជាជួរៗ ផ្ទះសង់ពីឈើប្រក ស័ង្កសី មានទំហំ ១០ម×៨ម= ៨០ម៉ែត្រការេ នៅលើទំហំដី ២០ម×៥០ម មុខផ្ទះទល់មុខផ្ទះ ផ្លូវនៅកណ្ដាលមានទទឹង ១៥ម៉ែត្រ ក្រោយផ្ទះទល់ទល់ខ្នងគ្នា ដែលមានចំនួនខ្នងផ្ទះរហូតទៅដល់ ៤០០ ខ្នង ហើយការសាងសង់នេះគឺសាងសង់ជាដំណាក់កាលៗនេះជាដីលំនៅឋាន និង មានចែកជូន ប្រភេទដីកសិកម្ម ទំហំ៥ហិចតា បន្ថែមទៀត សម្រាប់គ្រួសារនីមួយៗដើម្បីបង្ករបង្កើនផល។ លោក បណ្ឌិត បានបញ្ជាក់បន្ថែមថា៖ ការសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិស្រែគរមួយ និង ភូមិស្រែគរពីរនេះ មានដូចជា៖ ប្រព័ន្ធលូ ផ្ទះ ផ្លូវភ្លើងអគ្គិសនី មណ្ឌលសុខភាព សាលាឃុំ វត្តអារាម សាលារៀន មាន សាលាមតេយ្យសិក្សា បឋមសិក្សា និង អនុវិទ្យាល័យ ជាដើម។ល។

បើតាមការអោយដឹងពី អ្នកស្រី ផាវី ប្រជាពលរដ្ឋម្នាក់ដែលរស់នៅភូមិស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖កាលពីដើមឡើយអ្នកស្រីក៏ដូចជាអ្នកភូមិផ្សេងទៀត គឺរស់នៅនិងប្រកបរបរកសិកម្ម ដោយ ធ្វើស្រែ និង ដាំដំណាំ ប៉ុន្តែក្រោយពេលមាន គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី សេសានក្រោម តម្រូវឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍នោះត្រូវរកកន្លែងថ្មី សម្រាប់រស់នៅហើយ ក្រុមហ៊ុន និងអាជ្ញាធរបានដោះស្រាយជូន ពួកគាត់ ដោយឲ្យពួកគាត់មករស់នៅតំបន់ថ្មី គឺក្នុងឃុំស្រែគរ ស្រុកសេសាន នេះតែម្ដង។ អ្នកស្រីបន្តថា៖ ផ្ទះដែលពួកគាត់រស់នៅនេះ គឺក្រុមហ៊ុនអ្នកចេញថវិកាសាងសង់ជូនជាផ្នូរ និងការដោះស្រាយផលប៉ះពាល់ ដោយផ្ទះនេះត្រូវសាងសង់ឡើងលើទំហំ ២០ម × ៥០ម ជាមួយដីសម្រាប់បង្ករបង្កើនផលទំហំ ៥ ហិចតា បន្ថែម។

អ្នកស្រីបានបន្ថែមថា៖ ក្រោយពេលរៀបចំភូមិឋានថ្មីនេះឃើញថាការរស់នៅមានភាពស្រួលជាងមុន។ មានផ្លូវបេតុង ផ្លូវ លំ មានភ្លើងអគ្គិសនីប្រើប្រាស់ខ្វាត់ខ្វែង ហើយការរស់នៅរបស់ពលរដ្ឋ ក៏អ៊ូអរជាងពេលរស់នៅទីតាំងចាស់ ដាច់ដោយឡែកពីគ្នា។ ដូចគ្នានេះដែរ លោក ឡាំ ទុយ អាជីវកររស់នៅភូមិឃុំដូចគ្នានេះ ក៏បាននិយាយដែរថា៖ ពីមុនលោកក៏មិនមែនមានទីលំនៅ នៅក្នុងភូមិឃុំនេះដែរ។ គឺរស់នៅក្នុងតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោមទី២ ក្រោយពេលពលរដ្ឋឡើងមកនៅតំបន់ដែលរៀបចំឡើងដោយអាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ ឃើញថាមានការរីកចម្រើនជាងមុន។ ជាក់ស្ដែងរូបលោក កាលពីនៅតំបន់ចាស់ លោក ប្រកបមុខរបរតែធ្វើស្រែនិងចម្ការប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ លោកអាចប្រកបរបរជាអ្នកលក់ដូរ នៅផ្ទះបន្ថែម ពីលើរបរធ្វើស្រែចំការ ដែលមានស្រាប់។

ជុំវិញបញ្ហានេះដែរ លោក គៀន ភេវ ប្រធានភូមិស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ បន្ថែមទៀតថា៖ នៅក្នុងតំបន់ថ្មីដែលពលរដ្ឋបាន ផ្លាស់ទី ពីទីតាំង ដែលត្រូវទឹកលិចនោះត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធមិនចាញ់តំបន់អភិវឌ្ឍន៍ផ្សេងទៀតឡើយ។ ដូចជាមានសាលារៀន ដែលកូនៗរបស់ប្រជាពលរដ្ឋ នៅតំបន់នេះអាចរៀនបានរហូតដល់ថ្នាក់ អនុវិទ្យាល័យ ថ្នាក់ទី៩ ដែលកាលពីមុន មានត្រឹមតែថ្នាក់ទី ៥ ប៉ុណ្ណោះ ក្រៅពីនេះក៏មានមណ្ឌលសុខភាព មានវត្តអារាម សាលាឃុំសម្រាប់បម្រើសេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋ មានផ្លូវថ្នល់ ទាំងផ្លូវលំ និងផ្លូវចាក់បេតុងផងដែរ។ គួរបញ្ជាក់ថាគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ គឺជាគម្រោងវារីអគ្គិសនីដែលមានសមត្ថភាពផលិតអនុភាពថាមពលបានរហូតទៅដល់ ៤០០ មេកាវ៉ាត់ ក្រោមទឹកប្រាក់វិនិយោគប្រមាណជិត ៨00 លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានធ្វើឡើងក្នុងទម្រង់ ប៊ី អូ ធី (B O T)ក្នុងរយៈពេល ៤០ ឆ្នាំដែលមានន័យថាសាងសង់ធ្វើអាជីវកម្ម និង ផ្ទេរដែលចូលរួម វិនិយោគ រវាង៣ ក្រុមហ៊ុនគឺ៖ ក្រុមហ៊ុនកម្ពុជា ក្រុមហ៊ុនចិន និង ក្រុមហ៊ុនវៀតណាម៕


































