អង់គ្លេស ថាកងកម្លាំងរបស់ខ្លួន និងកងកម្លាំងអាមេរិក រួមគ្នាធ្វើប្រតិបត្តិប្រឆាំងក្រុមហ៊ូទី នៅយេម៉ែន

(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា កងកម្លាំងរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើប្រតិបត្តិការយោធារួមគ្នា នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយកំណត់គោលដៅលើក្រុមហ៊ូទី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាយ៉ាងមុតមាំ កាលពីខែមុន ឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារលើយេម៉ែន ហើយរដ្ឋបាលរបស់លោក បានបញ្ជាក់ទៀតថា ការវាយប្រហារនឹងបន្តរហូតដល់ក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ បញ្ឈប់សកម្មភាពវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម នៅតំបន់សមុទ្រក្រហម។

តាមក្រសួងការពារជាតិអង់គ្លេស ព័ត៌មានចារកម្មកំណត់បាន បណ្តុំអគារមួយនៅចម្ងាយប្រហែល ២៤គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Sanaa របស់យេម៉ែន ថាត្រូវបានក្រុមហ៊ូទីប្រើប្រាស់ជាកន្លែងផលិតយន្តហោះដ្រូន សម្រាប់យកមកវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ប្រតិបត្តិការវាយប្រហារមួយ បានធ្វើឡើងនៅពេលយប់មិនសូវមានមនុស្ស ហើយយន្តហោះចម្បាំងបានត្រលប់មកវិញដោយសុវត្ថិភាព។

យោធាអាមេរិក នៅមិនទាន់មានការបញ្ជាក់ទេ។ ប៉ុន្តែទូរទស្សន៍គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍កាលពីថ្ងៃចន្ទថា មានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក សម្លាប់មនុស្សចំនួន ៦៨នាក់៕