
(ខេត្តស្ទឹងត្រែង) លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោកវរ:សេនីយ៍ត្រី សន សុភាព នាយការិយាល័យប្រតិបត្តិបច្ចេកវិឡាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាព នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយរោគាពាធ។ សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានដំណឹងពីលោកវរៈសេនីយ៍ត្រី អុន វណ្ណា មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធទៅនឹងលោកវរៈសេនីយ៍ត្រី សន សុភាព កំពុងសង្គ្រោះបន្ទាន់ ណាមួយជីវភាពគ្រួសារខ្វះខាតផងនោះ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានធ្វើការប្រកាសដល់សមាជិកសមាជិកានៃសមាគម ក្នុងគោលបំណងដើម្បីប្រមូលមូលនិធិតាមសទ្ធាជ្រះថ្លា ក្រោយមកថ្នាក់ដឹកនាំសមាគម រួមនឹងបងប្អូនដែលជាសមាជិកសមាជិកា បានចូលរួមចំណែកជាបន្តបន្ទាប់បានទឹកប្រាក់សរុបចំនួន ៦១០.០០០ម៉ឺនរៀល លុះមកដល់រសៀលថ្ងៃខែខាងលើក៏ស្រាប់តែទទួលបានមកថា លោកវរសេនីយ៍ត្រី សន សុភាព នាយការិយាល័យប្រតិបត្តិបច្ចេកវិឡាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលមរណភាពបាត់ទៅហើយ។

ថ្នាក់ដឹកនាំ រួមនឹងសមាជិកសមាជិកានៃសមាគមដែលបានចូលរួមថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពរួមមាន: ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ,លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម (ស.ស.យ.ស) ,លោក សយ ចាន់ធី អគ្គលេខាធិការរង ផែនទំនាក់ទំនងជាតិនិងអន្តរជាតិ ,លោក ហង្ស រ៉ាត់ អគ្គលេខាធិការរង ផែនជាតិនិងអន្តរជាតិ និងជាប្រធានសាខាខេត្តបន្ទាយមានជ័យ,លោក រុី នោរៀ អគ្គលេខាធិការរង ធនធានមនុស្ស , លោក បឿន ចំរើន ទីប្រឹក្សាសមាគម (ស.ស.យ.ស), លោក ទន់ ដារ៉ា ទីប្រឹក្សា សមាគម (ស.ស.យ.ស) ,លោក ចាន់ ពិសិដ្ឋ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង និងលោក ហែម វណ្ណៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តកំពង់ចាម ។

តាមប្រសាសន៍របស់ លោក រ៉ី នោរៀ អគ្គលេខាធិការរងទទួលផែនធនធានមនុស្សនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស) បានឲ្យដឹងថា៖ការផ្តល់ជំនួយក្នុងពិធីបុណ្យសពគឺជាទិដ្ឋភាពដ៏ជ្រាលជ្រៅនៃវប្បធម៌ប្រពៃណីខ្មែរ ដែលឆ្លុះបញ្ចាំងពីជំនឿដែលចាក់ឫសយ៉ាងជ្រៅអំពីសហគមន៍ គ្រួសារ និងការគោរពចំពោះអ្នកស្លាប់។ នេះគឺជាវិធីជាច្រើនដែលបង្ហាញឱ្យឃើញពីការគាំទ្រ និងសារៈសំខាន់នៃវប្បធម៌ខ្មែរ។ លោក នោរៀ បានបន្តទៀត ៖ពិធីបុណ្យសព គឺជាពិធីបុណ្យរួម ដែលក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជិតខាងមកជួបជុំគ្នា ដើម្បីបង្ហាញពីសាមគ្គីភាព និងការគាំទ្រដល់គ្រួសារដែលមានទុក្ខ។ ការចូលរួមជាសមូហភាពនេះពង្រឹងចំណងសង្គម និងជាគំរូដល់លក្ខណៈរួមនៃសង្គមខ្មែរ។ ស្ថិតក្នុងឱកាសនោះដែរ លោក បណ្ឌិត ឌីម សុខុន បានមានប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី ជូនដល់គ្រួសារសពលោកវរៈសេនីយ៍ត្រី សន សុភាព ដែលបានបាត់បង់ស្វាមី និង ឪពុក ដែលជាទីគោរពស្រឡាញ់៕

































