ដ្រូនរបស់រុស្ស៉ី វាយប្រហារអគារលំនៅដ្ឋាន ក្នុងទីក្រុង Kharkiv បណ្តាលឱ្យមនុស្ស ១៧នាក់របួស

(កៀវ)៖ អភិបាលតំបន់ លោក Oleh Syniehubov បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនានេះថា យន្តហោះដ្រូនរបស់រុស្ស៉ី បានវាយប្រហារប្លុកអគារលំនៅដ្ឋាន ក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បង្កជាអគ្គីភ័យ និងរបួសមនុស្សចំនួន ១៧ នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា ការវាយប្រហារកាលពីម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យខូចខាតអគារលំនៅដ្ឋានចំនួន ៧ ក្នុងនោះ ២អគាររងការវាយប្រហារដោយផ្ទាល់។ លោកថា ដ្រូន​មួយ​គ្រឿង​បាន​ទម្លុះជាន់ទី ១៧នៃ​អគារ​ រីឯមួយ​ទៀត​នៅ​ជាន់​ទី ២។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានបានទេ ខណៈមិនទាន់មានសេចក្តីរាយការណ៍ពីសំណាក់ភាគីរុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុង Kharkiv ស្ថិតនៅភាគខាងជើងអ៊ុយក្រែន ចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៉ី ហើយត្រូវបានកំណត់គោលដៅវាយប្រហារជាញឹកញាប់ ដោយដ្រូន និងមីស៉ីល ក្នុងសង្រ្គាមជាង ៣ឆ្នាំរបស់រុស្ស៉ី៕