រដ្ឋមន្ត្រី ឈាង រ៉ា ទទួលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាលចំពោះមុខ ជាមួយ នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល ទទួលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ចំពោះមុខ ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភប្រចាំតំបន់អាស៊ីបូព៌ា នៃធនាគារពិភពលោក។

ជំនួបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រី Tenia Meyer តំណាងធនាគារពិភពលោកបានជម្រាបជូន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាអាទិភាពរបស់ ធនាគារពិភពលោក គឺស្របគ្នានឹងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល លោកស្រីក៏បានជម្រាបបន្ថែមជូនថា ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី។

លោកសាស្ត្រាចារ្យ បានជម្រាបជូនពីការងារអាទិភាពចម្បងដែលគួរបន្តខិតខំបន្ថែម គឺការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឱ្យបានទាន់ពេល ជាមួយគ្នានេះ ការងារសុខភាពឌីជីថល ការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ក៏មានសារ់សំខាន់និងបន្ទាន់ដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលពិនិត្យឡើងវិញនៃការអនុវត្តការងារ កត្តាប្រឈម និងដំណោះស្រាយលើគម្រោងដែលកំពុងអនុត្តបច្ចុប្បន្ននេះផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ មានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក សម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕