ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ចំនួន៣ ស្នើសុំឲ្យអាជ្ញាធរខេត្ត កំពង់ធំ ចាត់ឲ្យមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ចុះមកទប់ស្កាត់ជនខិលខូចលួចកាប់រុករានទន្ទ្រានព្រៃយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

  ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋជាច្រើននាក់ដែលកំពុងរស់នៅក្នុងសហគមន៍ចំនួន៣ គឺ សហគមន៍ អូរច្រាំងស សហគមន៍ អូរលោក និង សហគមន៍ ត្រពាំងល្ពាក់ ស្ថិតនៅ ក្នុងឃុំ នីពេជ្រ
ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងស្នើសុំឲ្យអាជ្ញាធរខេត្ត កំពង់ធំ ចាត់ឲ្យមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ចុះមកទប់ស្កាត់ជនខិលខូចលួចកាប់រានទន្ទ្រានព្រៃយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
  បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ម្នាក់សុំមិនបញ្ចេញឈ្មោះ រូប និង សំលេង បានឲ្យដឹងថា៖ដីដែលកំពុងកាប់រានព្រៃយកដីសហគមន៍ នេះមានទំហំជិត៣០ហិចតា ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ដែលកំពុងរស់នៅក្នុងសហគមន៍ទាំង៣ខាងលើដឹងថាជាដីរបស់ឈ្មោះ អៀន គ្រីន ជាម្ចាស់។


ហើយសកម្មភាពដែលម្ចាស់ដីចេះតែធ្វើសកម្មភាពកាប់បំផ្លាញព្រៃយកដីសហគមន៍នេះ
មានប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍ទាំង៣ សំដែងការមិនពេញចិត្តទើបពួកគាត់ទាំងអស់គ្នាគ្រោងនិងដាក់ពាក្យស្នើសុំទៅសាលាខេត្តដើម្បីចាត់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ចុះមកទប់ស្កាត់និងនាំជនខិលខួចនេះយកទៅផ្តន្ទាទោសតាមច្បាប់។
  ជុំវិញរឿងនេះដែរ បើតាមប្រសាសន៍របស់លោក មេឃុំ នីពេជ្របានអោយដឹងថា៖ពាក់ព័ន្ធរឿងដីនេះលោកពុំបានដឹងទេ ហើយលោកមេឃុំក៏បានជម្រុញឲ្យទៅសួរគណៈកម្មការសហគមន៍ ព្រោះប្រធានគណៈកម្មការទើបនិងបោះឆ្នោតជ្រើសរើសថ្មី …….(កាត់ដាក់សំលេងលោកមេឃុំ)……។

   ចំណែកលោក អៀន គ្រីន វិញបានឆ្លើយបដិសេធន៍ថា លោកអត់ដឹងទេ លោកគ្មានដីនៅចំណុចនោះទេ។ (កាត់ដាក់សំលេង លោក អៀន គ្រីន) បើទោះជាយ៉ាងនេះក៏ដោយចុះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នៅតែរិះគន់ថា៖ ការឆ្លើយបែបនេះលោកមិនហ៊ានទទួលស្គាល់ការពិត មិនដូចសម្តីរបស់លោកមេឃុំដែលបានអះអាងប្រាប់អ្នកយកពត៌មានយើងនោះទេ។

  ទាក់ទងនិងបញ្ហានេះ  លោក ឃន ឃត ប្រធានសហគមន៍ អូរច្រាំង ស បានមានប្រសាសន៍ប្រាប់អ្នកសារពត៌មានយើងថា៖ ដីចំការចន្ទីចាស់គឺជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ យូរមកហើយ ( ដីមានប័ណ្ណ ប១) ចំណែកដីដែលទើបនឹងកាប់ទន្ទ្រានយកថ្មីសហគមន៍ក៏បានដាក់ពាក្យបណ្តឹងប្ដឹងដកហូតយកដីនោះមកវិញហើយដែរ។ មិនតែប៉ុណ្ណោះសហគមន៍ ក៏មានក្រុមការងារ ដាក់កម្លាំងយាមល្បាតយ៉ាងតឹងរឹង ដើម្បីការពារព្រៃសហគមន៍នៅទីនោះផងដែរ។

   ទោះជាយ៉ាងនេះក្តី មានមតិមហាជនជាច្រើននាក់បានធ្វើការរិៈគន់ថា៖ ការកាប់រុករាន និងយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការគ្រប់គ្រងរបស់សហគមន៍ ដោយធ្វើឲ្យ៖ 
១.បាត់បង់ប្រភពចំណីអាហារ និងចំណូល 

  • សហគមន៍អាចបាត់បង់ឱកាសចិញ្ចឹមជីវិតពីដីព្រៃ (ដូចជាការប្រមូលផលព្រៃ ឬកសិកម្មរយៈពេលវែង)។ 
  • កាត់បន្ថយសមត្ថភាពរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានដោយខ្លួនឯង។ 
    ២. ប៉ះពាល់ដល់បរិស្ថាន និងអេកូឡូហ្ស៊ី 
  • ការកាប់ព្រៃខុសច្បាប់នាំឱ្យខូចខាតជីវចម្រុះ និងប្រព័ន្ធអេកូឡូហ្ស៊ី។ 
  • បង្កើនគ្រោះថ្នាក់ធម្មជាតិ (ដូចជាទឹកជំនន់ ឬគ្រោះរាំងស្ងួត)។ 

៣. គ្មានភាពជាអ្នកដឹកនាំពិតប្រាកដ 

  • ដោយសារអ្នកមានឥទ្ធិពល ឬអ្នកមានលុយអាចកាន់កាប់ដី សហគមន៍នឹងអស់សិទ្ធិគ្រប់គ្រងលើដីរបស់ខ្លួន។ 

ចំណែកសាធារណៈមតិខ្លះទៀតស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ធំជួយរក ដំណោះស្រាយអាចជា៖ 
-ពង្រឹងច្បាប់សហគមន៍ – ធានាថាសហគមន៍មានសិទ្ធិគ្រប់គ្រងដីដោយផ្អែកលើច្បាប់។ 

  • អនុវត្តយុត្តិធម៌សង្គម – ការពារសិទ្ធិអ្នកក្រីក្រ និងអ្នកពឹងផ្អែកលើដីសហគមន៍។ 
  • អប់រំនិងផ្សព្វផ្សាយ – បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃដីសហគមន៍។ 

ការគ្រប់គ្រងដីសហគមន៍ដោយសហគមន៍ផ្ទាល់ គឺជាគន្លឹះដើម្បីធានានិរន្តរភាពសង្គម និងបរិស្ថាន។
ត្រូវស្វែងរកចាប់ខ្លួនជនខិលខូចដែលលួចចូលកាប់ទន្ទ្រានរុករានយកដីព្រៃសហគមន៍មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕