
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ មីស្សុមី និងក្រុមការងារ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ ២៣លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាឆ្មបនាំឱ្យក្រុមហ៊ុននេះមានវត្តមាននៅកម្ពុជា ក៏ព្រោះតែសម្តេចជាអ្នកប្រឹងបញ្ចុះបញ្ចូលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ហើយបានផ្តល់ការងារធានាការពារសព្វបែបយ៉ាងលើដំណើរការរបស់ក្រុមហ៊ុន។

រយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានភាពជោគជ័យខ្លាំងលើការវិនិយោគរបស់ខ្លួននៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន បានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង ៦០០លានដុល្លារ។ ក្រុមហ៊ុនមីនេបៀ-Minebea បានពង្រីកការវិនិយោគរបស់ខ្លួន ដោយចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រទី២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លើផ្ទៃដីប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់។
តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនបានផ្តល់ឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អ ហើយប្រាស់ឈ្នួលក៏ខ្ពស់ផងដែរ៕



































