(មូស្គូ)៖ យន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងប្រភេទ Antonov An-24 ដែលផ្ទុកមនុស្សជាង ៥០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្លាក់នៅតំបន់ Far East របស់ប្រទេសនេះ។ មន្ត្រីសេវាសង្គ្រោះបន្ទាន់បានសម្តែងការព្រួយបារម្ភថា មនុស្សទាំងអស់នៅលើយន្តហោះអាចបានបាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បំណែកយន្តហោះដែលកំពុងឆេះ ត្រូវបានប្រទះឃើញដោយឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងតំបន់ព្រៃក្រាស់ ខណៈក្រុមសង្គ្រោះកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ ដែលជាយន្តហោះផលិតកាលពីសម័យសូវៀត និងមានអាយុកាលជិត ៥០ឆ្នាំ បានធ្លាក់ខណៈពេលកំពុងធ្វើដំណើរពីទីក្រុង Blagoveshchensk ទៅកាន់ទីក្រុង Tynda ហើយបានបាត់ពីរ៉ាដាពេលកំពុងត្រៀមចុះចត។
គួរបញ្ជាក់ថា យោងតាមទិន្នន័យបឋម មានអ្នកដំណើរ ៤៣នាក់ (ក្នុងនោះមានកុមារ ៥នាក់) និងសមាជិកនាវិក ៦នាក់នៅលើយន្តហោះ។ យន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយឈ្មោះ Angara។ រដ្ឋាភិបាលរុស្ស៊ីបានបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយបញ្ហានេះ ហើយវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានទទួលដំណឹងពីគ្រោះថ្នាក់នេះរួចហើយ៕
































