(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ថៃ ដែលបានរំលោភបំពានលើអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហាររបស់កម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា «សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌ ពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញាអន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ជាអាទិ៍៖
*អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះ ប្រដាប់អាវុធ
*ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌
*អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
បើតាមក្រសួងវប្បធម៌ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃមានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោ ជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និង ការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួម របស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ ប្រទេសថៃផងដែរ។ ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការ ខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ប្លោងមកលើ តំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ៕


































